ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់លីបង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បានទៅដល់ប្រទេសលីបង់ នៅថ្ងៃសុក្រ (ទី១០ ខែតុលា) នេះ ដោយធ្វើឲ្យលោកក្លាយជាមន្ត្រីជាន់ខ្ពស់ទីក្រុងដាម៉ាសដំបូងគេដែលបំពេញទស្សនកិច្ច នៅទីក្រុងបេរូត គិតចាប់តាំងពីមេដឹកនាំដ៏យូរអង្វែង លោក Bashar al-Assad បានធ្លាក់ចេញពីអំណាច កាលពីធ្នូឆ្នាំមុន។
ប្រទេសជិតខាងទាំង២ បាននិងកំពុងប្រឹងប្រែងស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីត្រកូល Assad អនុវត្តការគ្រប់គ្រងលើកិច្ចការលីបង់អស់ជាច្រើនទសវត្សរ៍ ហើយត្រូវបានចោទប្រកាន់ថា បានធ្វើឃាតមន្ត្រីជាច្រើន នៅលីបង់ ដែលបានបង្ហាញការប្រឆាំងទៅនឹងការគ្រប់គ្រងរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានជាតិគ្រប់គ្រងដោយរដ្ឋ បានឲ្យដឹងថា លោក Shaibani ត្រូវបានអមដំណើរដោយគណៈប្រតិភូដែលរួមមានរដ្ឋមន្ត្រីយុត្តិធម៌ លោក Mazhar al-Wais ហើយនឹងពិភាក្សា អំពីបញ្ហានានា ដែលរួមមានទាំង «ការចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងការទូតលីបង់-ស៊ីរី»។
ហើយជាមួយគ្នានេះ លោក Shaibani គ្រោងនឹងជួបជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun នាយករដ្ឋមន្ត្រី លោក Nawaf Salam និងរដ្ឋមន្ត្រីការបរទេស លោក Youssef Raggi។
ក្នុងចំណោមបញ្ហាសំខាន់ៗដែលត្រូវលើកយកមកពិភាក្សា ក៏រួមមានផងដែរ ទាក់ទងនឹងជោគវាសនារបស់អ្នកទោសស៊ីរី នៅក្នុងពន្ធនាគារលីបង់ និងការបោះបង្គោលព្រំដែនប្រវែង ៣៣០គីឡូម៉ែត្រ ដែលជាផ្លូវរត់ពន្ធដ៏ល្បីល្បាញ៕
