រយៈពេលជិត ៣សប្តាហ៍នៃបាតុកម្មរបស់អ្នកបើកបររថយន្តក្រុង និងការបិទផ្លូវដោយក្រុមកសិករខឹងសម្បារ បានធ្វើឲ្យប្រធានាធិបតីអេក្វាឌ័រលោក Daniel Noboa ស្ថិតក្នុងពេលវេលាមួយក្នុងចំណោមពេលវេលាដ៏តានតឹងបំផុតនៃការកាន់តំណែងប្រធានាធិបតីរបស់លោក ។

ភាពខឹងសម្បារ បានកើតមានឡើងជាការឆ្លើយតបចំពោះការបង្កើនតម្លៃប្រេងម៉ាស៊ូតរបស់រដ្ឋាភិបាលអេក្វាឌ័រ ក្រោយប្រាក់ឧបត្ថម្ភត្រូវបានកាត់ផ្តាច់កាលពីខែមុន ។
ដោយគ្មានសញ្ញានៃការសន្ទនាគ្នា ក្រោយរយៈពេល ១៨ថ្ងៃ បាតុករម្នាក់ ត្រូវបានសម្លាប់ បាតុករជាច្រើននាក់ និងក្រុមអាជ្ញាធរ បានរងរបួស ហើយមនុស្សជាង ១០០នាក់ ត្រូវបានចាប់ខ្លួន ។
កងទ័ពបានប្រកាសដាក់ពង្រាយកម្លាំងទ្រង់ទ្រាយធំនៅកាន់រដ្ឋធានីកាលពីថ្ងៃព្រហស្បតិ៍ ដោយពួកគេនិយាយថា វានឹងទប់ស្កាត់ការបំផ្លិចបំផ្លាញ និងការបំផ្លាញទ្រព្យសម្បត្តិ ។
ទាហានរហូតដល់ ៥ពាន់នាក់ ត្រូវបានដាក់ពង្រាយ ក្រោយបាតុកររាប់សិបនាក់ នាំគ្នាដង្ហែរក្បួននៅតាមទីកន្លែងជាច្រើននៅក្នុងទីក្រុង នៅព្រឹកថ្ងៃនោះ ៕
