ការប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើង នៅថ្ងៃសុក្រ (ទី១០ ខែតុលា) នេះ រវាងនគរបាល និងបាតុករនៅក្នុងទីក្រុង Lahore ភាគខាងកើតប្រទេសប៉ាគីស្ថាន បន្ទាប់ពីកងកម្លាំងសន្តិសុខ បានព្យាយាមរារាំងបាតុកររាប់ពាន់នាក់កុំឲ្យធ្វើដំណើរទៅកាន់រដ្ឋធានី Islamabad ជាកន្លែងដែលពួកគេគ្រោងធ្វើបាតុកម្មគាំទ្រប៉ាឡេស្ទីន នៅខាងក្រៅស្ថានទូតអាមេរិក។
ការប៉ះទង្គិចគ្នានៅក្នុងរដ្ឋធានីរបស់ខេត្ត Punjab នេះ បានចាប់ផ្តើមមានកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែកាន់តែខ្លាំងឡើង នៅថ្ងៃសុក្រនេះ បន្ទាប់ពីនគរបាលបានប្រើដំបងវាយក្រុមបាតុករ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកពួកគេ នៅទីតាំងជាច្រើន។ ក្រុមអ្នកតវ៉ាបានគប់ដុំថ្មដាក់មន្ត្រីវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណបក្ស Tehreek-e-Labbaik Pakistan ឬ TLP បានអះអាងថា អ្នកគាំទ្ររបស់ខ្លួន ២នាក់ បាត់បង់ជីវិត ហើយ ៥០នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីថ្ងៃព្រហស្បតិ៍។ មិនមានការអត្ថាធិប្បាយភ្លាមៗឡើយ ពីរដ្ឋបាលខេត្ត Punjab ដឹកនាំដោយរដ្ឋមន្ត្រីប្រចាំរដ្ឋ Punjab លោកស្រី Maryam Nawaz Sharif ដែលជាក្មួយស្រីរបស់នាយករដ្ឋមន្ត្រី។
ការតវ៉ានេះកើតមានឡើងបន្ទាប់ពីក្រុមហាម៉ាស និងអ៊ីស្រាអែល បានយល់ព្រមលើផែនការបទឈប់បាញ់ដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក Donald Trump។
ការមានអំពើហិង្សានេះ បានរំខានដល់ជីវិតប្រចាំថ្ងៃ នៅផ្នែកខ្លះនៃទីក្រុង Lahore ខណៈដែលអ្នកស្រុកពិបាកចូលទៅផ្ទះសម្បែង ដោយសារតែការបិទផ្លូវ និងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់។ នៅថ្ងៃសុក្រនេះ អាជ្ញាធរ បានបិទសាលារៀន មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងទីក្រុង Lahore ដែលមានប្រជាជនជាង ១៤លាននាក់៕