បាល់ទាត់៖ ក្លិបណាហ្គាវើលដ៏បានប្រកាសចុះកុងត្រាជាមួយកីឡាករចំណូលថ្មី ៣រូបសម្រាប់ត្រៀមរដូវកាលថ្មីឆ្នាំ២០២២ រួមមានកីឡាករ ដាវ នីម, ឆៃ រត័សេរី និងកីឡាករ ហួត ដានីន។ ដាវ នីម គឺជាអតីតខ្សែប្រយុទ្ធក្លិបគិរីវង់សុខសែនជ័យ ហើយនេះគឺជាការផ្លាស់ប្ដូរក្លិបអាជីពលើកដំបូងរបស់គេ ក្រោយចំណាយពេល ៦រដូវកាលជាមួយក្រុមមាន់គក់មានមូលដ្ឋាននៅខេត្តតាកែវនេះ។

រីឯកីឡាករ ឆៃ រត័សេរី បានទទួលឱកាសថ្មីដើម្បីបន្ដប្រកួតប្រជែងក្របខណ្ឌលីគកំពូលកម្ពុជា ក្រោយចាកចេញពីក្លិបនគរបាលជាតិដែលត្រូវបានកាត់ទៅលេងលីគទី២ មកចូលរួមជាមួយក្រុមណាហ្គាវើលដ៏។ នេះគឺជាក្លិបទី៤ ក្នុងអាជីពរបស់ រត័សេរី បន្ទាប់ពីគេធ្លាប់លេងឲ្យអង្គរថាយហ្គឺរ កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ។ ចំណែកកីឡាករ ហួត ដានីន គឺបានផ្ទេរមកពីសាលាបាល់ទាត់ជាតិបាទី បន្ទាប់ពីកីឡាករវ័យក្មេងរូបនេះត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសរំសាយកាលពីថ្មីៗ។

ដានីន គឺជាកីឡាករទី២ ក្នុងចំណោម ៥នាក់ដែលរកបានទ្រនំថ្មីដើម្បីបន្ដអាជីព ក្រោយចាកចេញពីសាលាបាល់ទាត់ជាតិបាទី បន្ទាប់ពីកីឡាករ កើត ពេជ្រ ដែលចូលរួមជាមួយភ្នំពេញក្រោន។ ដំណាលគ្នានឹងការប្រកាសនាំចូលកីឡាករក្នុងស្រុក ៣រូបនេះក៏មានប្រភពជិតស្និទ្ធនឹងក្លិបណាហ្គាវើលដ៏បង្ហើបឲ្យដឹងថា ក្លិបត្រៀមប្រកាសកីឡាករសញ្ជាតិប្រេស៊ីល ២រូបទៀតក្នុងពេលឆាប់ៗខាងមុខដែលក្នុងនោះ ក៏នឹងមានកីឡាករ Da Cruz ដែលផ្ទេរមកពីក្លិបអង្គរថាយហ្គឺរម្នាក់ផងដែរ៕
អត្ថបទ៖ លី ឈុនឡា