ពលរដ្ឋជម្លៀសខ្លួនប៉ាឡេស្ទីនដែលធ្វើដំណើរទៅកាន់តំបន់ភាគខាងជើងហ្កាហ្សា បានអះអាងថា នេះគឺជាថ្ងៃដ៏សប្បាយរីករាយបំផុតនៅក្នុងឆាកជីវិតរបស់ពួកគេ ។
អ្នកនាង Ali Rihan គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូប និយាយថា ជាការពិតណាស់ថា នេះគឺជាថ្ងៃដែលពុំអាចរៀបរាប់បាន ថ្ងៃដែលសប្បាយរីករាយជាងគេបំផុតនៅក្នុងឆាកជីវិតរបស់ពួកយើង ។
អ្នកនាងបន្តថា ថ្ងៃនេះ សង្រ្គាមបានបញ្ចប់ ពួកយើងបានសុំឲ្យក្រុមចរចាបញ្ចប់ដំណើរការកិច្ចចរចាទាំងស្រុង ហើយនិងរៀបចំឲ្យអ្នករាល់គ្នានៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីបទាំងមូលវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ តាមបំណងរបស់ព្រះ ។
អ្នកនាងនិយាយទៀតថា ពួកយើងនឹងត្រឡប់ទៅផ្ទះវិញ ពួកយើងសប្បាយចិត្តខ្លាំងណាស់ ហើយពួកយើងមានការដឹងគុណចំពោះអ្នករាល់គ្នាខ្លាំងណាស់ ។ សូមព្រះប្រទានពរដល់សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប កាតា និងទួរគី សម្រាប់កិច្ចខិតខំដ៏ល្អរបស់ពួកគេ ហើយពួកយើងសូមថ្លែងអំណរគុណជាពិសេសផងដែរដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
យោធាអ៊ីស្រាអែលអះអាងថា បទឈប់បាញ់ចូលជាធរមានហើយឥឡូវនេះនៅហ្កាហ្សា ស្របពេលដែលកងកម្លាំងរបស់ខ្លួនដកចេញដោយអនុឡោមតាមកិច្ចព្រមព្រៀងដែលយល់ព្រមដោយរដ្ឋាភិបាលកាលពីយប់កន្លងទៅ ។
ជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ត្រូវបានគេមើលឃើញដើរចេញពីតំបន់ភាគខាងត្បូងហ្កាហ្សា ឆ្ពោះទៅកាន់ទីក្រុងហ្កាហ្សា ។ អ្នកនាំពាក្យម្នាក់របស់កងកម្លាំងការពារអ៊ីស្រាអែល និយាយថា ទាហាននឹងបន្តមានវត្តមាននៅតាមតំបន់ជាច្រើនរបស់ហ្កាហ្សា ដោយរូបលោកបានព្រមានពីការចៀសវៀងធ្វើដំណើរទៅជិតពួកគេ ។
នៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Netanyahu បានបញ្ជាក់ជាលើកដំបូងថា ពុំមានចំណាប់ថ្នូរស្លាប់ទាំងអស់ដែលជាប់ខ្លួននៅហ្កាហ្សា អាចវិលត្រឡប់មកវិញនោះទេ ៕