ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum និយាយថា សភាម៉ិកស៊ិកនឹងផ្អាកការដំឡើងពន្ធស្នើសុំលើផលិតផលជិត ១.៥០០មុខ ពីចិន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត ខណៈដែលម៉ិកស៊ិកចូលរួមកិច្ចប្រជុំជាមួយប្រទេសទាំងនោះ ហើយនិងពិចារណាលើការផ្លាស់ប្តូរសំណើ ។
លោកស្រី Sheinbaum បានបញ្ជូនសំណើដែលស្វែងរកការបង្កើនពន្ធរហូតដល់ ៥០ភាគរយលើរថយន្ត វាយនភ័ណ្ឌ សម្លៀកបំពាក់ ប្លាស្ទិក ដែក និងផលិតផលផ្សេងៗជាច្រើនទៀត កាលពីដើមខែកញ្ញា ទៅកាន់រដ្ឋសភា ជាទីដែលគណបក្ស Morena របស់លោកស្រី គ្រប់គ្រងសំឡេងភាគច្រើន ។
ក្រុមអ្នកវិភាគមួយចំនួនយល់ឃើញថា ចំណាត់ការនេះ គឺជាការប៉ុនប៉ងមួយ ដើម្បីធ្វើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លែងសូវខឹងសម្បារ ។
ប៉ុន្តែចាប់តាំងពីពេលនោះមក ចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតទី ២របស់ម៉ិកស៊ិក បន្ទាប់ពីសហរដ្ឋអាមេរិក បានរិះគន់សំណើមួយនេះ ដោយពួកគេនិយាយថា វានឹងធ្វើឲ្យអន្តរាយដល់ទំនុកចិត្តអ្នកវិនិយោគទុន ។
ចិនបានព្រមានម៉ិកស៊ិកថា ពួកគេនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ខ្លួន ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Sheinbaum និយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោកស្រី កំពុងវិភាគលើការផ្លាស់ប្តូរដ៏មានសក្តានុពលចំពោះការដំឡើងពន្ធនេះ ។
ពន្ធស្នើសុំខាងលើនឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចូលពីប្រទេសដែលម៉ិកស៊ិកពុំបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ រួមទាំងប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា ឥណ្ឌូនេស៊ី រុស្ស៊ី ថៃ និងទួរគី ៕