យោធាអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ទី១០ តុលា បានបញ្ចេញវីដេអូ ដែលគេនិយាយថាបង្ហាញពីការដាក់ពង្រាយកងទ័ពឡើងវិញនៅតំបន់ហ្កាហ្សា។ សារព័ត៌មានReuters មិនអាចបញ្ជាក់ពីទីតាំង ឬកាលបរិច្ឆេទដែលវីដេអូត្រូវបានថតនោះទេ។

ទាហាន អាចត្រូវបានគេមើលឃើញថាបានចងភ្ជាប់ទង់ជាតិអ៊ីស្រាអែលជាមួយរថយន្តយោធា ហើយបើកបរឆ្លងកាត់អ្វីដែលពួកគេនិយាយថាជាតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ខណៈរដ្ឋាភិបាលអ៊ីស្រាអែល បានផ្តល់សច្ចាប័នលើបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដោយបានត្រួសត្រាយផ្លូវក្នុងការដកទ័ពត្រឡប់ទៅវិញ និងផ្អាកទាំងស្រុងនូវអរិភាពនៅតំបន់ហ្កាហ្សា។

យោធាអ៊ីស្រាអែល បានចាប់ផ្តើមដកខ្លួនថយពីផ្នែកមួយចំនួននៅតំបន់ហ្កាហ្សាកាលពីថ្ងៃសុក្រ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយពលរដ្ឋជាច្រើនបានវិលត្រឡប់ទៅតំបន់ដែលរងការបំផ្លាញវិញ ដោយមិនប្រាកដអំពីសុវត្ថិភាពរបស់ពួកគេបន្ទាប់ពីសង្គ្រាមរយៈពេលពីរឆ្នាំកន្លងទៅនេះ។