ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រ ថា រុស្ស៊ី មានចេតនារង់ចាំអាកាសធាតុមិនអំណោយផល មុនពេលចាប់ផ្តើមវាយលុកទ្រង់ទ្រាយធំលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយបន្ថែមលក្ខខណ្ឌកាត់បន្ថយប្រសិទ្ធភាពការពារដែនអាកាស ចន្លោះពី ២០% ទៅ ៣០% ។

យានដ្រូន និងមីស៊ីលរបស់រុស្សី បានវាយប្រហាររោងចក្រថាមពលរបស់អ៊ុយក្រែនកាលពីពេលយប់ ដោយធ្វើឱ្យផ្នែកមួយចំនួននៅទីក្រុង Kyiv ធ្លាក់ក្នុងភាពងងឹត កាត់ផ្តាច់ថាមពលនិងទឹកទៅកាន់លំនៅឋាននានា និងបញ្ឈប់បណ្តាញរថភ្លើងក្រោមដីឆ្លងកាត់ទន្លេ Dnipro ។
ក្រសួងថាមពលរបស់អ៊ុយក្រែនបាននិយាយថា អ្នកប្រើប្រាស់អគ្គិសនី ៣៨០.០០០នាក់ បានដាច់ចរន្តអគ្គិសនីកាលពីរសៀលថ្ងៃសុក្រ។

លោក Zelenskyy បាននិយាយថា មានរោងចក្រថាមពលចំនួន២០៣កន្លែង នៅក្នុងប្រទេសដែលត្រូវការប្រព័ន្ធការពារអាកាសដើម្បីការពាររោងចក្រពីការវាយប្រហាររបស់រុស្ស៊ី។ លោកនិយាយថា លោកសង្ឃឹមថា «ក្រុមចម្រុះនៃឆន្ទៈ» ជាក្រុមប្រទេស ដែលបានសន្យាពង្រឹងការគាំទ្រសម្រាប់អ៊ុយក្រែន នឹងរៀបចំកិច្ចប្រជុំថ្មីមួយនៅក្នុងខែនេះ។