ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា លោកជឿថា បទឈប់បាញ់របស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ (ទី១០ ខែតុលា) នឹងបន្តមានប្រសិទ្ធភាព ខណៈដែលអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុង «នឿយណាយ» នឹងការប្រយុទ្ធគ្នា។

អមដោយបញ្ជាក់អំពីផែនការរបស់លោក ក្នុងការធ្វើដំណើរទៅកាន់អ៊ីស្រាអែល និងប្រទេសអ្នកសម្រុះសម្រួល គឺអេហ្ស៊ីប លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «វានឹងបន្តមានប្រសិទ្ធភាព។ ខ្ញុំគិតថា វានឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព ។ ពួកគេទាំងអស់ នឿយណាយនឹងការប្រយុទ្ធគ្នាហើយ»។
លោក Trump បានឲ្យដឹងទៀតថា លោកនឹងជួបជាមួយ «មេដឹកនាំជាច្រើន» នៅអេហ្ស៊ីប នាថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាអំពីអនាគតនៃតំបន់ហ្កាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញ ដោយបន្ថែមថា កិច្ចប្រជុំទំនងជានឹងធ្វើឡើងនៅទីក្រុងគែរ។ លោកបានបន្ថែមថា លោកក៏នឹងថ្លែងទៅកាន់សភាអ៊ីស្រាអែល នៅពេលលោកបំពេញទស្សនកិច្ចនៅប្រទេសនេះ។
ជាមួយគ្នានេះ លោក Trump បានបញ្ជាក់ថា លោកមានទំនុកចិត្តថា បទឈប់បាញ់នៅតំបន់ហ្កាហ្សា នឹងនាំទៅរកសន្តិភាពមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ។ លោកបាននិយាយថា៖ «ឥឡូវនេះយើងមានកន្លែងក្តៅតិចតួច ប៉ុន្តែវាមានទំហំតូចណាស់។ វានឹងត្រូវបានពន្លត់ដោយងាយស្រួល។ អណ្ដាតភ្លើងតិចតួចទាំងនោះ នឹងត្រូវបានពន្លត់យ៉ាងលឿនរហ័ស»៕


