បាល់ទាត់៖ ក្រុមជំរើសជាតិអេហ្ស៊ីបបានបោះជំហ៊ានឈានឡើងវគ្គផ្តាច់ព្រ័ត្រហើយ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations ក្រោយទំលាក់ម្ចាស់ផ្ទះកាមេរូនដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។ លេង ៩០នាទីពេញក្រុមម្ចាស់ផ្ទះកាមេរូនគឺក្រុមមានប្រៀបតែគ្មានសំណាង បន្ទាប់ពីឱកាសពីរលើករារាំងដោយរបាទីពោលគឺការតែតរបស់ Ngadeu-Ngadjui និងការស៊ុតពីចំងាយរបស់ Samuel Gouet។

អ្វីៗត្រូវសំរេចនៅវគ្គ ១១ម៉ែត្រកាត់សេចក្តីបន្ទាប់ពីម៉ោងបន្ថែម ១៥នាទី ២ដងក៏គ្មានក្រុមស៊ុតបញ្ចូលទីបាន។ អ្នកចាំទីអេហ្ស៊ីប Gabaski គឺជាវិរៈបុរសក្នុងវគ្គ ១១ម៉ែត្រកាត់សេចក្តីនេះបន្ទាប់ពីសង្គ្រោះបាល់បានពីរលើក និងកាមេរូនស៊ុតមិនចំគោលដៅមួយលើក ខណៈអេហ្ស៊ីបបានយកឈ្នះក្នុងលទ្ធផល ៣-១ ដោយបាល់ ១១ម៉ែត្រ។ នេះជាការសងសឹកបានសំរេចសំរាប់អេហ្ស៊ីប ដែលធ្លាប់ចាញ់កាមេរូននៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៧ លទ្ធផល ២-១។ អេហ្ស៊ីបនៅពេលនេះឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ជើងឯកទ្វីបអាហ្វ្រិកជាលើកទី ១០ ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ និងបន្តដំណើរពន្លាតកំណត់ត្រាឈ្នះជើងឯកច្រើនជាងគេលើកទី៨ ផងដែរ។ Mohamed Salah នឹងប្រឈមមុខជាមួយមិត្តរួមក្រុម Liverpool, Sadio Mane នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យនេះរវាងអេហ្ស៊ីប និងសេណេហ្កាល់។ ចំណែកម្ចាស់ផ្ទះកាមេរូននឹងលេងដណ្តើមចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងបូគីណាហ្វាសូនៅថ្ងៃសៅរ៍៕
អត្ថបទ៖នាង សុភាវុធ