នាថ្ងៃសៅរ៍ (ទី១១ ខែតុលា) នេះ អ្នករួចជីវិតដែលនៅតែវង្វែងវង្វាន់ពីគ្រោះរញ្ជួយដីដ៏ខ្លាំង នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន បានងើបពីដំណេកមកជួបនឹងទិដ្ឋភាពនៃការបំផ្លិចបំផ្លាញដ៏ធំធេង បន្ទាប់ពីមានរលករញ្ជួយរាប់រយ បានធ្វើឲ្យតំបន់រង្គើពេញមួយយប់។

អ្នករស់នៅតាមឆ្នេរសមុទ្រជាច្រើននៃកោះ Mindanao បាននាំគ្នាសម្រាកនៅខាងក្រៅផ្ទះ ដោយមានការភ័យខ្លាចថា ត្រូវអគារបាក់រលំសង្កត់ស្លាប់ ដោយសាររញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ និង ៦,៧រ៉ិចទ័រ ដែលបានកើតមានបន្តគ្នានៅម្ដុំឆ្នេរសមុទ្រ ត្រឹមរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃសុក្រ។
អាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨នាក់ បានបាត់បង់ជីវិត ប៉ុន្តែពួកគេនៅតែកំពុងវាយតម្លៃពីទំហំខូចខាត។ នៅទីក្រុង Manay នៃកោះ Mindanao ដែលមានប្រជាជនចំនួន ៤០.០០០នាក់ បាននិងកំពុងកាយកម្ទេចកម្ទី និងបោសសម្អាតអំបែងកញ្ចក់ដែលបែកចេញពីផ្ទះសម្បែង និងអគារផ្សេងៗ នៅព្រឹកថ្ងៃសៅរ៍នេះ។
គួរបញ្ជាក់ថា ការបំផ្លិចបំផ្លាញ បានកើតឡើងមិនដល់ ២សប្តាហ៍ផង បន្ទាប់ពីរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ បានវាយប្រហារកោះ Cebu នៅភាគកណ្តាលប្រទេសហ្វីលីពីន ដោយបានឆក់យកជីវិតមនុស្ស ៧៥នាក់ និងបំផ្លាញផ្ទះសម្បែងប្រហែល ៧២.០០០ខ្នង។
នៅទីក្រុង Manay មនុស្សមួយចំនួន បានសម្រាកនៅក្នុងតង់ ក្រោមសំពត់ភ្លៀង និងអង្រឹង ខាងក្នុងរថយន្ត និងនៅលើកន្ទេលដែលក្រាលក្នុងសួនសាធារណៈ ឬតាមចិញ្ចើមផ្លូវ ខណៈដែលរលករញ្ជួយបានកើតឡើងពាសពេញតំបន់ដែលមនុស្ស ១,៨លាននាក់រស់នៅ៕


