ប្រភពអ៊ីស្រាអែលបានបញ្ជាក់ថា ការផ្ទេរអ្នកទោសប៉ាឡេស្ទីន បានចាប់ផ្តើមហើយ ខណៈដែលពេលវេលាកំណត់រយៈពេល ៧២ម៉ោង សម្រាប់ការដោះដូរអ្នកទោស បានចាប់ផ្តើម បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ បានចូលជាធរមានជាផ្លូវការ កាលពីរសៀលថ្ងៃសុក្រ (ទី១០ ខែតុលា)។

នៅថ្ងៃសៅរ៍នេះ បើយោងតាមសារព័ត៌មាន Yedioth Ahronoth បានឲ្យដឹងថា ប្រភពមួយពីអ៊ីស្រាអែល បានប្រាប់ថា អាជ្ញាធរពាក់ព័ន្ធបានចាប់ផ្តើមផ្ទេរអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែងពីពន្ធនាគារអ៊ីស្រាអែល។ ប្រភពនោះក៏បានបន្ថែមដែរថា ជាថ្នូរវិញ ក្រុមហាម៉ាសបានចាប់ផ្តើម «រៀបចំចំណាប់ថ្នូរអ៊ីស្រាអែលដែលនៅសល់» ដើម្បីត្រៀមសម្រាប់ការដោះលែងពួកគេ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
បើយោងតាមមេដឹកនាំក្រុមហាម៉ាស បានឲ្យដឹងថា បើទោះបីជាការប្រគល់សាកសពចំណាប់ថ្នូរ ត្រូវបានគេរំពឹងថា នឹងចំណាយពេលខ្លះក៏ដោយ ក៏នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅប៉ុន្មានថ្ងៃថ្មីៗនេះ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា «ចំណាប់ថ្នូរទាំងស្លាប់ និងនៅរស់» នឹងត្រូវបានប្រគល់ត្រលប់មកវិញជាមួយគ្នា។
ការវិវត្តនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល បានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស សម្រាប់បទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងការដកកងកម្លាំងអ៊ីស្រាអែលតាមទីតាំងដែលបានព្រមព្រៀងគ្នា។ ពេលវេលាកំណត់ ៧២ម៉ោង ដូចដែលបានកំណត់នៅក្នុងផែនការហ្កាហ្សារបស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ការដោះលែងអ្នកទោសអ៊ីស្រាអែល ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន បានចាប់ផ្តើមហើយ៕

