ក្រុមសកម្មជនក្នុងតំបន់ បានឲ្យដឹងថា ការវាយប្រហារដោយយានដ្រូន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ នៅឯទីជម្រករបស់ជនភៀសខ្លួនមួយកន្លែង ក្នុងទីក្រុងដែលត្រូវបានឡោមព័ទ្ធ គឺ El-Fasher នៅភាគខាងលិចប្រទេសស៊ូដង់ នាថ្ងៃសៅរ៍ (ទី១១ ខែតុលា) នេះ។
គណៈកម្មាធិការនៃក្រុមតស៊ូ សម្រាប់ទីក្រុង El-Fasher បានឲ្យដឹងថា កងកម្លាំងគាំទ្ររហ័ស (RSF) បានវាយប្រហារមជ្ឈមណ្ឌលភៀសខ្លួន Dar al-Arqam ដែលស្ថិតនៅក្នុងបរិវេណដីរបស់សាកលវិទ្យាល័យមួយ។
គណៈកម្មាធិការនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាកសពជាច្រើននៅតែជាប់នៅក្នុងជម្រកក្រោមដី ដោយពណ៌នាថា នេះគឺជា «ការសម្លាប់រង្គាល» និងអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍។ គណៈកម្មាធិការតស៊ូក្នុងតំបន់នេះ គឺជាសកម្មជនដែលសម្របសម្រួលជំនួយ និងចងក្រងឯកសារ អំពើអំពើឃោរឃៅ នៅក្នុងជម្លោះស៊ូដង់។
គួរបញ្ជាក់ថា RSF បានប្រយុទ្ធជាមួយកងទ័ពជាប្រចាំ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក។ ជម្លោះនេះបានសម្លាប់មនុស្សរាប់ម៉ឺននាក់ រាប់លាននាក់បម្លាស់ទីលំនៅ និងជំរុញឲ្យជិត ២៥លាននាក់ស្ថិតក្នុងភាពអត់ឃ្លានធ្ងន់ធ្ងរ។
El-Fasher ដែលជារដ្ឋធានីរបស់រដ្ឋចុងក្រោយ នៅក្នុងតំបន់ដ៏ធំ Darfur ដែលមិនទាន់ត្រូវបានគ្រប់គ្រងទាំងស្រុងដោយ RSF បានក្លាយជាសមរភូមិយុទ្ធសាស្ត្រចុងក្រោយបំផុត នៅក្នុងសង្គ្រាមនេះ ខណៈដែលក្រុមទាហានប៉ារ៉ា ពង្រឹងការគ្រប់គ្រងនៅភាគខាងលិច៕