ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានធ្វើដំណើរនៅភាគខាងជើងតាមបណ្ដោយឆ្នេរនៃតំបន់ហ្កាហ្សា នាថ្ងៃសៅរ៍ (ទី១១ ខែតុលា) នេះ ដោយមានអ្នកខ្លះដើរដោយថ្មើរជើង ជិះរថយន្ត និងរទេះ ដើម្បីវិលត្រលប់ទៅផ្ទះសម្បែងដែលត្រូវបានបោះបង់ចោល ខណៈដែលបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន Hamas ហាក់ដូចជាកំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

ទាហានអ៊ីស្រាអែល បានចាប់ផ្ដើមដកចេញ ជាផ្នែកនៃដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលសម្រេចបានក្នុងសប្តាហ៍នេះ ដើម្បីបញ្ចប់សង្រ្គាម ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបន្សល់ទុកដោយភាគច្រើននូវដែនដីដ៏បំផ្លិចបំផ្លាញមួយ។

នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បានបញ្ចប់ការដាក់ពង្រាយឡើងវិញ កាលពីថ្ងៃសុក្រ ដែលធ្វើឲ្យទាហានចេញពីតំបន់ទីក្រុងសំខាន់ៗ ប៉ុន្តែនៅតែគ្រប់គ្រងប្រហែលពាក់កណ្តាលនៃដែនដីនេះ ពេលវេលាត្រូវបានចាប់ផ្តើមរាប់ថយក្រោយ សម្រាប់កាលកំណត់ ដើម្បីឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរ ក្នុងរយៈពេល ៧២ម៉ោង។
យោងតាមកិច្ចព្រមព្រៀងនេះ បន្ទាប់ពីការប្រគល់ចំណាប់ថ្នូរ អ៊ីស្រាអែលនឹងដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ២៥០នាក់ដែលអនុវត្តទោសរយៈពេលវែងនៅក្នុងពន្ធនាគាររបស់ខ្លួន ហើយនិង ១.៧០០នាក់ដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងសង្រ្គាមនេះ។ ហើយជាមួយគ្នានេះ បើយោងតាមកិច្ចព្រមព្រៀងនោះ រថយន្តដឹកទំនិញរាប់រយគ្រឿងក្នុងមួយថ្ងៃ ត្រូវបានគេរំពឹងថា នឹងចូលទៅក្នុងហ្កាហ្សាដែលដឹកអាហារ និងជំនួយផ្នែកវេជ្ជសាស្រ្ត។
តែយ៉ាងណាក្ដី មន្ទិលសង្ស័យនៅតែកើតមានដដែល អំពីថា តើបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូរ និងអ្នកទោស ដែលជាជំហានដ៏ធំបំផុតឆ្ពោះទៅរកការបញ្ចប់ជម្លោះរយៈពេល ២ឆ្នាំ នឹងនាំទៅរកសន្តិភាពយូរអង្វែង ក្រោមផែនការ ២០ចំណុចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីពន្លត់ភ្លើងសង្រ្គាមដែរ ឬយ៉ាងណា៕

