ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះដល់ទីតាំងជាក់ស្តែង ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្រោយពីទទួលព័ត៌មាន មមានការចាក់ធុងបាស់បំពងសំឡេងពីភាគីថៃមកលើប្រជាពលរដ្ឋកម្ពុជា។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង ១១:០០ នាទីយប់ ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញបន្តចុះពិនិត្យទីតាំងជាក់ស្តែង ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ការចុះផ្ទាល់របស់ក្រុម IOT ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយពីបានទទួលព័ត៌មាន មានការចាក់ធុងបាស់បំពងសំលេងពីភាគីថៃមកលើប្រជាពលរដ្ឋកម្ពុជា រួមមានទាំងអ្នកឈឺ មនុស្សចាស់ កុមារ និងជនពិការ នៅពេលយប់ស្ងាត់។ សំឡេងរួមមាន៖ សំឡេងខ្មោច សំឡេងឆ្កែព្រុស និងសំឡេងឆ្កែលូ ជាដើម។
គួរបញ្ជាក់ថា នេះជារាត្រីទី២ ដែលភាគីថៃបាន ចាក់ធុងបាស់បំពងសំឡេងរំខានមកលើប្រជាពលរដ្ឋកម្ពុជា ខណៈរសៀលម្សិលមិញ កងកម្លាំងចម្រុះថៃ បានធ្វើសកម្មភាពចូលឈូសឆាយហើយ ទើបរាវរកមីន នៅលើដែនដីកម្ពុជា នាភូមិព្រៃចាន់៕






