បាល់ទាត់៖ គ្រាប់បាល់ពិឃាតរបស់ Alex Berenguer ចុងម៉ោងនាទីទី៨៩ បានធ្វើឱ្យ Athletic Bilbao ទំលាក់ជើងឯក ១៩សម័យ Real Madrid ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey។ ខណៈដែលពេលវេលាជិតអស់ទៅហើយ កីឡាករបម្រុងដែលទើបផ្លាស់ប្តូរចូល Berenguer បានធ្វើឱ្យក្រុមរបស់លោក Carlo Ancelotti ស្រឡាំងកាំង។

ជ័យជំនះរបស់ Bilbao មានន័យថា ពួកគេសម្លឹងស្វែងរកការឈានឡើងវគ្គផ្តាច់ព្រ័ត្រ ៣រដូវកាលជាប់គ្នា និងជាការស្វែងរកពាន Copa del Rey នេះជាលើកទី២៤ ក្នុងប្រវត្តិសាស្ត្រ។ Athletic Bilbao បានក្លាយជាក្លិបទីពីរប៉ុណ្ណោះបន្ទាប់ពី Real Zaragoza ដែលទំលាក់ Barcelona និង Real Madrid ក្នុងរដូវកាលតែមួយ។ ចំណែក Real Madrid បរាជ័យនេះបានបញ្ចប់ក្តីសង្ឃឹមចង់ឈ្នះពានក្នុងស្រុកពីរក្នុងមួយរដូវកាល ស្របពេលកំពុងនាំមុខដាច់ ៤ពិន្ទុនៅ La Liga ពីលើ Sevilla។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងចាប់ឆ្នោតថ្ងៃនេះដែលរួមមាន Athletic Bilbao, Valencia, Real Betis និង Rayo Vallecano៕
អត្ថបទ៖នាង សុភាវុធ