មន្ត្រីជាន់ខ្ពស់មួយរូប កាលពីថ្ងៃសៅរ៍ (ទី១១ ខែតុលា) បានប្រាប់ឲ្យដឹងថា ក្រុមហាម៉ាសបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយបកវិញ ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump មិនទទួលបានជោគជ័យ ហើយអរិភាពជាមួយអ៊ីស្រាអែល ចាប់ផ្ដើមមានឡើងវិញ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Hossam Badran បានប្រាប់ថា៖ «យើងសង្ឃឹមថា យើងនឹងមិនត្រលប់ទៅមានសង្រ្គាមវិញឡើយ ប៉ុន្តែប្រជាជនប៉ាឡេស្ទីន និងកម្លាំងតស៊ូរបស់យើង នឹងក្រោកឡើងតទល់ដោយឥតសង្ស័យ និងប្រើប្រាស់សមត្ថភាពទាំងអស់របស់ពួកគេ ដើម្បីវាយបកនឹងការឈ្លានពាននេះ ប្រសិនបើសមរភូមិត្រូវបានបង្កើតឲ្យមានឡើង»។
ជាមួយគ្នានេះ លោកក៏បាននិយាយផងដែរថា ការចរចា ជុំវិញផែនការសន្តិភាពដំណាក់កាលទី២ នឹងមានភាពស្មុគស្មាញ និងលំបាក។ លោកបានបញ្ជាក់ថា៖ «ដំណាក់កាលទី២ នៃផែនការរបស់លោក Trump ដូចដែលវាបង្ហាញយ៉ាងច្បាស់ មានភាពស្មុគស្មាញ និងការលំបាកជាច្រើន»។
លើសពីនោះទៀត លោក Badran ក៏បានបញ្ជាក់ផងដែរថា ក្រុមនឹងមិនចូលរួមក្នុងការចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សា នៅក្នុងប្រទេសអេហ្ស៊ីបនោះទេ។ លោកបាននិយាយថា៖ «សម្រាប់បញ្ហានៃការចុះហត្ថលេខាជាផ្លូវការ យើងនឹងមិនជាប់ពាក់ព័ន្ធនោះទេ»។ លោកបានបន្ថែមថា ក្រុមហាម៉ាស «ធ្វើសកម្មភាពសំខាន់ៗនានា តាមរយៈអ្នកសម្របសម្រួល គឺប្រទេសកាតា និងអេហ្ស៊ីប» ក្នុងអំឡុងកិច្ចចរចាបទឈប់បាញ់ នៅអេហ្ស៊ីប។
ទន្ទឹមនឹងនេះដែរ ដោយអត្ថាធិប្បាយ ជុំវិញសំណើឲ្យសមាជិកក្រុមហាម៉ាសចាកចេញពីតំបន់ហ្កាហ្សាស្ទ្រីប ក្រោមផែនការនោះ លោក Badran បាននិយាយថា វាគឺ «មិនសមហេតុផល» ឡើយ។ លោកបានសង្កត់ធ្ងន់ថា៖ «ការនិយាយ អំពីការបណ្ដេញជនជាតិប៉ាឡេស្ទីន ទោះពួកគេជាសមាជិករបស់ក្រុមហាម៉ាស ឬអត់ ពីដែនដីរបស់ពួកគេ គឺជារឿងមិនសមទំនង និងមិនសមហេតុសមផល» ទាល់តែសោះ៕

