អាជ្ញាធរការពារជនស៊ីវិលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ (ទី១១ ខែតុលា) បានឲ្យដឹងថា ខ្លួនបានទទួលរបាយការណ៍ពីការបាត់ខ្លួនមនុស្សចំនួន ៩.៥០០នាក់ ចាប់តាំងពីការផ្ទុះឡើងនូវជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mahmoud Basal អ្នកនាំពាក្យស្ថាប័នការពារជនស៊ីវិល បានជំរុញឲ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីបានដឹងពីជោគវាសនារបស់ពួកគេ។
លោក Basal បានបន្តថា ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមានកាលពីថ្ងៃសុក្រ អាជ្ញាធរការពារជនស៊ីវិលបានរកឃើញសាកសពជាង ១៥០នាក់ ខណៈកំពុងប្រឈមនឹងបញ្ហា ក្នុងការធ្វើប្រតិបត្តិការស្វែងរក ដោយសារតែមានឧបករណ៍មិនគ្រប់គ្រាន់។
ជាមួយគ្នានេះ លោកបានបន្ថែមថា អ្នកស្រុកដែលធ្វើបម្លាស់ទីលំនៅជាង ៣០០.០០០នាក់ បានវិលត្រលប់ពីភាគខាងត្បូងតំបន់ហ្កាហ្សាទៅកាន់ទីក្រុងហ្កាហ្សា និងតំបន់ភាគខាងជើង បន្ទាប់ពីមានបទឈប់បាញ់ បើទោះបីជា «គ្មានស្ទើរតែទាំងស្រុង» នូវជម្រកបណ្តោះអាសន្នក៏ដោយ។
ទន្ទឹមនឹងដែរនេះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាលតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍ពី «ការបំផ្លិចបំផ្លាញដ៏ធំធេង» ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាង ៩០ ភាគរយ នៅតំបន់ហ្កាហ្សា ដោយលំនៅឋានប្រហែល ៣០.០០០ខ្នង ត្រូវបានបំផ្លាញ៕



