ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ជួយសម្របសម្រួលឲ្យមានសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន ដូចនៅ «តំបន់មជ្ឈិមបូព៌ា» ដែរ ក្នុងអំឡុងពេលជជែកតាមទូរសព្ទ កាលពីថ្ងៃសៅរ៍ (ទី១១ ខែតុលា) ដោយនិយាយថា ប្រសិនបើមេដឹកនាំអាមេរិកអាចបញ្ឈប់សង្រ្គាមមួយ អ៊ីចឹង «ជម្លោះផ្សេងទៀតក៏អាចបញ្ឈប់បានដែរ»។
ការអំពាវនាវនេះ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើបណ្តាញថាមពលរបស់អ៊ុយក្រែន ដោយបានធ្វើឲ្យដាច់ថាមពល នៅផ្នែកខ្លះនៃរដ្ឋធានីគីវ និងតំបន់ចំនួន ៩ផ្សេងទៀតរបស់អ៊ុយក្រែន។
ទីក្រុងគីវ ឲ្យដឹងថា កិច្ចប្រឹងប្រែងការទូត ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន បានថមថយល្បឿន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មួយផ្នែកដោយសារតែការយកចិត្តទុកដាក់ជាសកល បានបង្វែរទៅសង្រ្គាមរយៈពេល ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។
លោក Trump ដែលបានប្រកាសដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី៨ ខែតុលា បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សម្រាប់កិច្ចពិភាក្សា កាលពីខែសីហា ប៉ុន្តែមិនអាចបង្កើតបាននូវកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ។
លោក Zelensky បានឲ្យដឹងនៅលើបណ្ដាញសង្គម Facebook ថា៖ «ខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump។ ជាការជជែកប្រកបដោយភាពវិជ្ជមាន និងផលិតភាព»។ លោកបានអបអរសាទរលោក Trump សម្រាប់ផែនការបទឈប់បាញ់ «ដ៏វិសេសវិសាល» របស់លោក នៅតំបន់មជ្ឈិមបូព៌ា។
អមដោយការអំពាវនាវឲ្យលោក Trump ដាក់សម្ពាធលើវិមានក្រឹមឡាំងព្រមចរចា លោក Zelensky បានបន្ថែមថា៖ «ប្រសិនបើសង្រ្គាមអាចត្រូវបានបញ្ឈប់ នៅក្នុងតំបន់មួយ នោះប្រាកដជាសង្រ្គាមផ្សេងទៀតអាចត្រូវបានបញ្ឈប់ដូចគ្នាដែរ ក្នុងនោះរួមទាំងសង្រ្គាមរបស់រុស្ស៊ីផងដែរ»៕


