សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា មេដឹកនាំក្រុមរដ្ឋអ៊ីស្លាមលោក Abu Ibrahim al-Hashimi al-Qurayshi ត្រូវបានសម្លាប់កាលពីថ្ងៃពុធ អំឡុងការវាយឆ្មក់ប្រឆាំងភេរវកម្មដឹកនាំដោយអាមេរិកនៅក្នុងប្រទេសស៊ីរីភាគខាងជើង។

នេះគឺជាការវាយឆ្មក់ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ ចាប់តាំងពីប្រតិបត្តិការណ៍ឆ្នាំ២០១៩ ដែលបានសម្លាប់មេដឹកនាំរដ្ឋអ៊ីស្លាម Abu Bakr al-Baghdadi។ យោងតាមមន្ទីរបញ្ចកោណ ក្រុមមន្ត្រីរដ្ឋបាលរបស់លោក Biden បាននិយាយថា លោក Qurayshi បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង ខណៈដែលកងកម្លាំងអាមេរិកបានចូលទៅកាន់តែជិតទីតាំងរបស់គេ ហើយការបំផ្ទុះនោះបានបណ្ដាលឲ្យជនស៊ីវិលជាច្រើននាក់ស្លាប់ បើទោះបីជាការបញ្ជាក់ពីចំនួនមានការខុសគ្នារវាងរដ្ឋបាលលោក Biden និងក្រុមការពារជនស៊ីវិលស៊ីរីក៏ដោយ។ លោក Biden បាននិយាយចេញពីសេតវិមានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ដោយប្រកាសថា ប្រតិបត្តិការនេះបានកម្ចាត់មេដឹកនាំភេរវករដ៏សំខាន់ដោយនិយាយថា សហរដ្ឋអាមេរិកបានជ្រើសរើសប្រើប្រតិបត្តិការកម្លាំងពិសេស ដើម្បីព្យាយាមកុំឲ្យមានការបាត់បង់អាយុជីវិតជនស៊ីវិលច្រើន៕
អត្ថបទ៖ សុខមាន