ក្រោយពីបានឃើញញត្តិបន្ទាន់របស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ដាក់បណ្តឹងទៅ ឧត្តមស្នងការអង្គការសប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពាក់ព័ន្ធទៅនឹងការប្រើប្រាស់សំឡេងរំខាន បំភិតបំភ័យ និងយាយីផ្លូវចិត្តដល់ប្រជាជនកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែតុលានេះ លោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាថៃ បានជំរុញឱ្យក្រសួងការបរទេសថៃ ពិនិត្យមើលករណីយនេះ។
តាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) យោងតាមកាសែត Khaosod English ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ អំពីការលើកឡើងរបស់ លោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ ចំពោះញត្តិបន្ទាន់របស់ គ.ស.ម.ក. ប្តឹងទៅឧត្តមស្នងការអង្គការសប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការប្រើប្រាស់ សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។
គ.ស.ម.ក. បានដកស្រង់ខ្លឹមសារទាំងស្រុងរបស់ លោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃដោយបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលថៃ គួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណាបង្កឱ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជនទោះបីជាអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះ ដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្តក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្ម ឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី។ លោកជំទាវ បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា»៕


