នៅថ្ងៃអាទិត្យ (ទី១២ ខែខែតុលា) នេះ ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា មាន «ស្តង់ដារ២» បន្ទាប់ពីប្រធានាធិបតី Donald Trump បានប្រកាសដំឡើងពន្ធបន្ថែម ១០០ភាគរយលើទំនិញរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទី២ របស់ពិភពលោក។

ដោយមិនបញ្ចេញឈ្មោះរបស់ខ្លួន អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតថា៖ «សេចក្តីថ្លែងការណ៍ដែលពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក គឺជាឧទាហរណ៍ជាធម្មតានៃការមានស្តង់ដារ២»។
គួរបញ្ជាក់ថា លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងដាក់ពន្ធបន្ថែម រួមជាមួយនឹងការគ្រប់គ្រងការនាំចេញលើ «សូហ្វវែរសំខាន់ៗ» ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅអ្វីដែលលោកចាត់ទុកថា «ចំណាត់ការធ្ងន់ធ្ងរមិនធម្មតា» ក្នុងការទប់ស្កាត់ថ្មីលើការនាំចេញរបស់ចិន ពាក់ព័ន្ធនឹងរ៉ែកម្រ។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីភាពមិនច្បាស់លាស់ ជុំវិញលទ្ធភាពនៃកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក Xi Jinping ពោលគឺជាអ្វីដែលត្រូវបានប្រកាសនៅមុននេះ ដែលគ្រោងនឹងកើតមានរយៈពេល ៣សប្តាហ៍ រាប់ចាប់ពីពេលនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយលោកបានរៀបរាប់នៅលើបណ្ដាញសង្គម Truth Social ថា «ឥឡូវនេះហាក់ដូចជាគ្មានហេតុផល ដើម្បីរៀបចំព្រឹត្តិការណ៍បែបនោះទេ»។
តែក្រោយមក លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា៖ «ខ្ញុំមិនបានលុបចោលទេ»។ ទីក្រុងប៉េកាំងមិនដែលបានបញ្ជាក់អះអាងពីមានការមានកិច្ចប្រជុំបែបនេះឡើយ។
នៅថ្ងៃអាទិត្យ ទីក្រុងប៉េកាំងបានចោទសហរដ្ឋអាមេរិកពីការបង្កើនវិធានការសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសចិន ចាប់តាំងពីខែកញ្ញាមក។ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា៖ «វិធានការទាំងនេះ បានប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់យ៉ាងខ្លាំងដល់បរិយាកាសនៃកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងភាគីទាំង២។ ការគំរាមដំឡើងពន្ធខ្ពស់ នៅគ្រប់ឱកាសបែបនេះ មិនមែនជាវិធីសាស្រ្តត្រឹមត្រូវ ក្នុងការមានទំនាក់ទំនងជាមួយប្រទេសចិននោះទេ»៕
