នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមមន្ត្រី នៃរដ្ឋបាលខណ្ឌ និងសង្កាត់ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ៣០០ គ្រួសារ កំពុងរស់នៅតំបន់ផ្សារបឹងព្រលិត ស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលកំពុងរងផលប៉ះពាល់ដោយបញ្ហាទឹកលិចផ្លូវ និងលំនៅឋាន។
ការចុះសួរសុខទុក្ខនេះ អាជ្ញាធរបានចុះដល់តាមខ្នងផ្ទះរបស់បងប្អូនតែម្តង ដើម្បីសំណេះសំណាល និងពិនិត្យស្ថានភាពជាក់ស្តែង អំពីទុក្ខលំបាក នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីមួយរយៈក្រោយមកនេះ អាជ្ញាធរក៏បាននិងកំពុងខ្នះខ្នែងយកចិត្តទុកដាក់បំផុត ដើម្បីដោះស្រាយបញ្ហាទឹកលិចផ្លូវនិងលំនៅឋាននៅតំបន់ដែលបងប្អូនកំពុងជួបប្រទះ។
លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានផ្តែផ្តាំផ្ញើពាក្យសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដែលឯកឧត្តមតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសនៅរៀងរាល់ពេលដែលបងប្អូនជួបការលំបាក។
លោកអភិបាលខណ្ឌ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពឲ្យបានល្អ , ថែទាំអនាម័យ នៃការរស់នៅ ពិសេសអាណាព្យាបាលដែលមានកូនតូចៗ ឬមនុស្សចាស់ជរា សូមមានការប្រុងប្រយ័ត្នចំពោះទឹកដែលកំពុងជន់លិច ជៀសវាងការដើរដួលរអិល ឬជួបគ្រោះថ្នាក់ជាយថាហេតុណាមួយ។
បច្ចុប្បន្ននេះ កម្លាំងអាជ្ញាធរ បានខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការប្រើគ្រប់វិធីសាស្ត្រ ដើម្បីព្យាយាមរំដោះទឹកចេញពីតំបន់ខាងលើ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីបង្កខណៈងាយស្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ៕ លីហេង











