សារព័ត៌មាន Financial Times (FT) នាថ្ងៃអាទិត្យ (ទី១២ ខែតុលា) នេះ បានរាយការណ៍ថា សហរដ្ឋអាមេរិក បានជួយដល់អ៊ុយក្រែន សម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយលើរោងចក្រថាមពលរបស់រុស្ស៊ីអស់រយៈពេលជាច្រើនខែមកនេះ ជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះចុះខ្សោយ និងបង្ខំឲ្យលោកប្រធានាធិបតី Vladimir Putin ព្រមចូលទៅកាន់តុចរចា។
ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន និងសហរដ្ឋអាមេរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលដឹងពីយុទ្ធនាការនេះ សារព័ត៌មាននេះបានឲ្យដឹងថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានជួយទីក្រុងគីវវាយប្រហារធនធានថាមពលសំខាន់ៗរបស់រុស្ស៊ី ក្នុងនោះរួមទាំងរោងចក្រចម្រាញ់ប្រេង ដោយទៅហួសឆ្ងាយពីតំបន់សមរភូមិជួរមុខ។
សេតវិមាន ការិយាល័យរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងក្រសួងការបរទេសអ៊ុយក្រែន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័តមាន Reuters។ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗនោះដែរពីក្រសួងការបរទេសរុស្ស៊ី។
តែយ៉ាងណាក្ដី ទីក្រុងមូស្គូបានលើកឡើងនៅក្នុងខែនេះថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន កំពុងផ្គត់ផ្គង់ការស៊ើបការណ៍សម្ងាត់ដល់ក្រុងគីវជាប្រចាំ នៅក្នុងសង្រ្គាម ដែលលោក Putin បានចាប់ផ្តើមកាលខែកុម្ភៈ ឆ្នាំ២០២២។
សារព័ត៌មាន FT បានឲ្យដឹងទៀតថា ចារកម្មអាមេរិកជួយរៀបចំផែនការកំណត់ផ្លូវ រយៈកម្ពស់ ពេលវេលា និងការសម្រេចបេសកកម្ម ដោយអាចឲ្យយានដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនគេចពីប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។
ដោយបានដកស្រង់សម្ដីរបស់បុគ្គល ៣រូបដែលដឹងពីប្រតិបត្តិការនេះ សារព័ត៌មាននេះ បានបន្ថែមថា សហរដ្ឋអាមេរិកបានចូលរួមយ៉ាងជិតស្និទ្ធនៅក្នុងគ្រប់ដំណាក់កាលនៃការរៀបចំផែនការវាយប្រហារ។ មន្ត្រីអាមេរិកម្នាក់ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា អ៊ុយក្រែនបានជ្រើសរើសគោលដៅវាយប្រហាររយៈចម្ងាយឆ្ងាយ ហើយទីក្រុងវ៉ាស៊ីនតោនបន្ទាប់មក បានផ្តល់ការស៊ើបការណ៍សម្ងាត់ ជុំវិញភាពងាយរងគ្រោះរបស់ទីតាំងនានា៕