ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយការពារយុទ្ធសាស្ត្រលើចិនរបស់លោក ដោយនិយាយថា ការដំឡើងពន្ធបានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសអ្នកមានម្តងទៀត និងផ្តល់ឱ្យក្រុងវ៉ាស៊ីនតោន នូវកម្លាំងចរចា ខណៈកំពុងនិយាយជាមួយក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ១២ តុលា។

លោក Trump បានសរសើរលោក Xi Jinping ថាជា មេដឹកនាំដ៏ឈ្លាសវៃ និងដ៏អស្ចារ្យ ដោយបន្ថែមថា លោកមានទំនាក់ទំនងល្អជាមួយលោក Xi ហើយបាននិយាយថារូបលោករំពឹងថាភាពតានតឹងពាណិជ្ជកម្មនឹងត្រូវបានដោះស្រាយ។
នៅពេលសួរអំពីកិច្ចប្រជុំអាស៊ីដែលអាចធ្វើទៅបានជាមួយលោក Xi លោក Trump បាននិយាយថាលោកគិតថា ទំនាក់ទំនងរវាងអាមេរិក និងចិន នឹងប្រព្រឹត្តទៅដ៏ល្អ។

លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងដាក់ពន្ធបន្ថែម រួមជាមួយនឹងការគ្រប់គ្រងការនាំចេញលើ សូហ្វវែរសំខាន់ៗ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅអ្វីដែលលោកចាត់ទុកថា ចំណាត់ការធ្ងន់ធ្ងរមិនធម្មតា ក្នុងការទប់ស្កាត់ថ្មីលើការនាំចេញរបស់ចិន ពាក់ព័ន្ធនឹងរ៉ែកម្រ។
កាលពីថ្ងៃអាទិត្យ ១២តុលា ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា មាន ស្តង់ដារ២ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានប្រកាសដំឡើងពន្ធបន្ថែម ១០០ភាគរយលើទំនិញរបស់ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទី២ របស់ពិភពលោក៕