ឧត្តរមានជ័យ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានចុះពិនិត្យទីតាំងដីនៅត្រង់ចំណុចអូរពីរ ភ្នំគីង្គក់ ស្ថិតនៅភូមិរួតចំប៉ី កំពុងមានទំនាស់រវាងពលរដ្ឋ និងបក្ខពួកក្រុមលោក និត សុវណ្ណារ៉ា ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ ដែលជាបុគ្គលល្បីមួយរូប សំបូរមានរឿងអាស្រូវក្ដីក្ដាំងរឿងវិវាទដីធ្លី។
ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែងនាពេលនោះដែរ ឯកឧត្តម ហួន វណ្ណនិត អភិបាលរងនិងជាអនុប្រធានគណះកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានឲ្យដឹងថា ទីតាំងទំនាស់ដីចំណីអូររបស់រដ្ឋខាងលើនៅឆ្នាំ២០០២នេះ គឺជាដីគ្រប់គ្រង ដោយអាជ្ញាធរសង្កាត់អូរស្មាច់ ដើម្បីធ្វើការអភិវឌ្ឍជាផលប្រយោជន៍ផ្សេងៗ របស់សាធារណៈលុះដល់ឆ្នាំ២០២០ ដល់២០២១ មានចលនាជនខិលខូចបានចូលមកកាប់ស្ការបង្កើតជាទំនាស់កើតមានឡើងជាហូរហែរ។
ឯកឧត្តម បញ្ជាក់ថា៖ ក្នុងនោះដែរក្រុមការងារបានចុះពិនិត្យជាក់ស្តែងលើដីរដ្ឋកំពុងមានទំនាស់ដោយដីផ្នែកខ្លះក៏មានការទទូលស្គាល់ពីអតីតចៅសង្កាត់មុន និងដីផ្នែកខ្លះទៀតក៏មិនបានទទួលស្គាល់នោះទេ។
ឯកឧត្តម បន្ដថា ការចុះពិនិត្យទីតាំងដីកំពុងមានទំនាស់ខាងលើនេះដែរក្រុមការងារបានសម្រេចនិងកំណត់យកដីចំណីអូរសងខាងចម្ងាយ ១០០ម៉ែត្រ ពីបណ្តោយអូរធម្មជាតិជាក់ស្តែងដើម្បីកុំឲ្យមានការរុករានបន្តទៀតរបស់ជនខិលខូចមួយចំនួនដែលតែងតែរំលោភទន្ទ្រានយកនោះ។
គួរបញ្ជាក់ផងដែរថា ដីរដ្ឋជាច្រើនហិកតា ស្ថិតនៅចំណុចអូរពី ភ្នំគីងគួក ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កន្លងមក និងបច្ចុប្បន្ននេះ ត្រូវបានអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់រួមទាំងបក្សពួកកំពុងតែចូលកាប់ទន្ទ្រានដីបោះបង្គោលព្រំដីចែកគ្នាលក់ជាបន្ដបន្ទាប់ រហូតកើតមានជម្លោះប្តឹងផ្តល់ពលរដ្ឋទៅប្រព័ន្ធតុលាការផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះពីការរំលោភបំពានពីបក្ខពួកនិងក្រុមលោក និត សុវណ្ណារ៉ា កំពុងសិក្សាផ្លូវច្បាប់ធ្វើឯកសារ គ្រោងប្ដឹងទៅរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ឯកឧត្តម កើត រិទ្ធ និងអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថាACU ផងដែរ៕







ពាក់វែនតាខ្មៅ លោក និត សុវណ្ណារ៉ា ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់