ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យ (១២ តុលា) ថា ប្រតិបត្តិការវាយបក និងវាយរុលទៅមុខរបស់អ៊ុយក្រែន ទទួលបានផលល្អនៅជួរមុខក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង ក៏ដូចជាក្នុងតំបន់ Donetsk ដែលជាចំណុចស្នូលនៃការប៉ះទង្គិចដ៏ខ្លាំងក្លា និងជាទីដែលទីក្រុងគីវ បានរាយការណ៍ពីភាពជោគជ័យមួយចំនួន។

អ៊ុយក្រែន បាននិយាយអស់ជាច្រើនសប្តាហ៍ថា កងកម្លាំងរបស់ខ្លួនបានរុលទៅមុខជុំវិញទីក្រុង Dobropillia ក្បែរមជ្ឈមណ្ឌលដឹកជញ្ជូន Pokrovsk ដែលជាគោលដៅសំខាន់មួយរបស់ទ័ពរុស្ស៊ី ខណៈកងកម្លាំងទីក្រុងមូស្គូ កំពុងវាយរុញទៅមុខយឺតៗ ឆ្ពោះទៅភាគខាងលិចឆ្លងកាត់តំបន់ Donetsk ។
ក្នុងវីដេអូសុន្ទរកថាពេលយប់របស់ខ្លួន លោក Zelenskyy បានលើកឡើងថា កងកម្លាំងគីវ បានរុលទៅមុខចម្ងាយជាង ៣គីឡូម៉ែត្រ នៅចុងភាគខាងត្បូងនៃតំបន់ Zaporizhzhia និងភាពជោគជ័យខ្លះនៅ Donetsk។ លោកបន្តថា អង្គភាពអ៊ុយក្រែនកំពុងបន្តសកម្មភាពវាយបកនៅជិតក្រុង Dobropillia រួមទាំងនៅជួរមុខផ្សេងទៀតផងដែរ - ជាពិសេសក្នុងតំបន់ Zaporizhzhia នៅជិតតំបន់ Orikhiv"។
របាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី មិនបាននិយាយពីផលចំណេញរបស់អ៊ុយក្រែនទេ ដោយគ្រាន់តែនិយាយថា ទាហានក្រុងមូស្គូ បានវាយប្រហារទាហានអ៊ុយក្រែន និងយុទ្ធោបករណ៍នៅក្នុងតំបន់ Zaporizhzhia រួមទាំងភូមិ Novoandriivka ជិតភូមិ Mali Shcherbaky និង Orikhiv៕

