មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីលានចំណាប់ខ្មាំង Tel Aviv នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ ដើម្បី រង់ចាំការដោះលែងចំណាប់ខ្មាំងទាំង៤៨ នាក់ពីដែនដីហ្កាហ្សា។

វេទិកាចំណាប់ខ្មាំង និងគ្រួសារដែលបាត់ខ្លួន បានលើកទឹកចិត្តសាធារណជនឱ្យប្រមូលផ្តុំគ្នានៅទីលានចតុរង្គនេះពេញមួយយប់ ដោយហៅការជួបជុំនោះថាជា រាត្រីពណ៌លឿង ។
វេទិកានេះគ្រោង នឹងចាក់ផ្សាយការវិលត្រឡប់របស់ចំណាប់ខ្មាំងមកកាន់អ៊ីស្រាអែលវិញ នៅលើផ្ទាំងអេក្រង់ដ៏ធំ ដែលបង្កើតឡើងនៅទីលាននោះ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍នៅព្រឹកថ្ងៃចន្ទនេះថា ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា ត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅម៉ោង ៨ ព្រឹកម៉ោងក្នុងតំបន់ ពីច្រករបៀង Netzarim និងបន្តនៅម៉ោង ១០ ព្រឹកនៅទីក្រុង Khan Younis របស់ដែនដីហ្កាហ្សា។
ចំណែកកងកម្លាំងយោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យបានបញ្ចេញវីដេអូមួយដែលនិយាយថាជាកន្លែងសម្រាប់ទទួលមនុស្សបឋម ជាទីដែលចំណាប់ខ្មាំងត្រូវបានដោះលែងដោយក្រុមហាម៉ាស នឹងមកដល់៕