ទាហាន និងនគរបាលប្រដាប់ដោយឧបករណ៍បង្ក្រាបកុបកម្ម ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Garoua ជាទីក្រុងដ៏រឹងមាំរបស់ក្រុមប្រឆាំងនៅភាគខាងជើងប្រទេសកាំមេរូន កាលពីថ្ងៃអាទិត្យ (ថ្ងៃទី ១២ ខែតុលា) ខណៈក្រុមអ្នកគាំទ្របេក្ខជន លោក Issa Tchiroma Bakary នឹងប្រកាសជ័យជម្នះក្នុងការបោះឆ្នោត ឈ្នះលោកប្រធានាធិបតី Paul Biya អាយុ៩២ឆ្នាំ ។

លោក Tchiroma អាយុ៧៦ឆ្នាំបានជំរុញហ្វូងមនុស្សយ៉ាងច្រើនទាមទារឱ្យបញ្ចប់ការកាន់តំណែងដ៏យូររបស់ លោក Biya និងទទួលបានការយល់ព្រមពីវេទិកានៃគណបក្សប្រឆាំងនិងក្រុមពលរដ្ឋមួយចំនួន។ លោកបានបោះឆ្នោតនៅទីក្រុង Garoua កាលពីព្រឹកថ្ងៃអាទិត្យ ជាកន្លែងដែលសារព័ត៌មានReuters បាននិយាយថា កងកម្លាំងសន្តិសុខបានប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សដែលទាមទារជ័យជម្នះសម្រាប់លោក Tchiroma ។
អ្នកវិភាគនិយាយថា លោក Biya ដែលកាន់អំណាចតាំងពីឆ្នាំ១៩៨២ ទំនងជាត្រូវជាប់ឆ្នោតជាថ្មីទៀតដោយសារតែការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់លោកលើក្បាលម៉ាស៊ីនរបស់រដ្ឋ និងលក្ខណៈដែលការខ្វែងគំនិតគ្នានៃក្រុមប្រឆាំងដែលមានបេក្ខជនចំនួន៩រូប។