ហ្វីលីពីន និងចិន បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកជាថ្មីម្ដងទៀតកាលពីថ្ងៃអាទិត្យ (១២ តុលា) ចំពោះការប្រឈមមុខក្នុងដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធាន ដោយធ្វើឱ្យភាពតានតឹងរវាងភាគីទាំងពីរកាន់តែខ្លាំងឡើងនៅផ្លូវទឹកដ៏ប្រកួតប្រជែងនេះ។

ក្រុមប្រឹក្សាដែនសមុទ្រហ្វីលីពីន ដែលជាស្ថាប័នរដ្ឋាភិបាលអន្តរក្រសួង បានបន្ទោសកងកម្លាំងដែនសមុទ្រចិន ចំពោះការប្រើកាណុងបាញ់ទឹក និងបើកបំបុកនាវាហ្វីលីពីន នៅជិតកោះ Thitu ដែលត្រូវគេស្គាល់ក្នុងស្រុកថា Pag-asa កាន់កាប់ដោយហ្វីលីពីន ហើយទីក្រុងម៉ានីល បានប្តេជ្ញាបន្ត "សកម្មភាពការទូតយ៉ាងសមស្រប"។
ឆ្មាំល្បាតឆ្នេរចិន បានចោទត្រឡប់ទៅវិញថា នាវារដ្ឋាភិបាលហ្វីលីពីន ២គ្រឿង "បានចូលដោយខុសច្បាប់" ទៅក្នុងដែនទឹកនៅជិតថ្មប៉ប្រះទឹក Sandy Cay ភាគខាងជើងនៃដែនទឹក Thitu ក្នុងប្រជុំកោះ Spratly ដែលនាំឱ្យមានការប៉ះទង្គិចនេះកើតឡើង។ ទីក្រុងប៉េកាំង បាននិយាយទៀតថា នាវាហ្វីលីពីន "បានបើកចូលទៅជិត" នាវាឆ្មាំល្បាតឆ្នេរចិន យ៉ាងគ្រោះថ្នាក់បំផុត ហេតុនេះ ទីក្រុងម៉ានីលគឺជាអ្នកទទួលខុសត្រូវក្នុងឧប្បត្តិហេតុនោះ។
ដែនទឹកជម្លោះដែលជាផ្នែកមួយនៃប្រជុំកោះ Spratly គឺជាកន្លែងនៃការប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀតរវាងប្រទេសទាំងពីរអស់ជាច្រើនឆ្នាំកន្លងមក។ ភាពតានតឹងបានកើនឡើងខ្លាំងនាពេលថ្មីៗនេះ ជាពិសេសលើតំបន់ Scarborough Shoal និងដែនទឹកជម្លោះផ្សេងទៀតនៅសមុទ្រចិនខាងត្បូង ដែលចិន អះអាងសិទ្ធិស្ទើរតែទាំងស្រុង៕

