ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា សង្រ្គាមនៅដែនដីហ្កាហ្សា បានបញ្ចប់ហើយ ក្រោយពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ដំណាក់កាលដំបូងនៅតំបន់ប៉ាឡេស្ទីននេះ ខណៈរូបលោកក៏បានទៅដល់អ៊ីស្រាអែល នៅថ្ងៃចន្ទ (១៣ តុលា) នេះផងដែរ ដោយមានការទទួលស្វាគមន៍ពីលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ស្របពេលក្រុមហាម៉ាស និងអ៊ីស្រាអែល បានដោះលែងចំណាប់ថ្នូរ-អ្នកទោស។

មនុស្សម្នារាប់ពាន់នាក់ដែលប្រមូលផ្តុំគ្នានៅទីលានចំណាប់ថ្នូរ Tel Aviv បានស្រែកអបអរ នៅពេលយោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានទទួលចំណាប់ថ្នូរ ៧នាក់ដំបូង ក្នុងចំណោមអ្នកនៅរស់ទាំង ២០នាក់ ពីក្នុងដៃក្រុមហាម៉ាស។
ចំណាប់ថ្នូរនៅរស់ចំនួន ១៣នាក់ទៀត រួមជាមួយនឹងសាកសពចំណាប់ថ្នូរ ២៦នាក់ និងមនុស្សពីរនាក់ផ្សេងទៀតដែលគេមិនបានដឹងថារស់ឬស្លាប់នោះ ក៏ត្រូវដោះលែងនៅថ្ងៃចន្ទដដែលនេះ រួមជាមួយនឹងអ្នកទោសប៉ាឡេស្ទីនជិត ២.០០០នាក់ ពីពន្ធនាគារអ៊ីស្រាអែល។
ជាមួយគ្នានេះ លោក Trump កំពុងតែឆ្ពោះទៅថ្លែងសុន្ទរកថានៅសភាអ៊ីស្រាអែល មុនពេលធ្វើដំណើរទៅអេហ្ស៊ីប។ លោកនឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទីបួនហើយ ដែលថ្លែងសុន្ទរកថានៅសភាអ៊ីស្រាអែល បន្ទាប់ពីលោក Jimmy Carter ក្នុងឆ្នាំ១៩៧៩ លោក Bill Clinton ក្នុងឆ្នាំ១៩៩៤ និងលោក George W. Bush ក្នុងឆ្នាំ២០០៨៕

