នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃអាទិត្យ (១២ តុលា) ថា ចក្រភពអង់គ្លេស នឹងផ្តល់កញ្ចប់ជំនួយចំនួន ២០លានផោន (២៧ លានដុល្លារអាមេរិក) ដើម្បីផ្តល់សេវាទឹកស្អាត អនាម័យ និងការរស់នៅស្អាត ក្នុងតំបន់ហ្កាហ្សា ដែលត្រូវបំផ្លិចបំផ្លាញ ខណៈលោកទៅដល់ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំពិភពលោកស្តីពីការបញ្ចប់ជម្លោះ។
ចក្រភពអង់គ្លេស បាននិយាយថា មូលនិធិនេះនឹងត្រូវផ្តល់ឱ្យតាមរយៈអង្គការយូនីសេហ្វ (UNICEF) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស (NRC) ហើយត្រូវរៀបចំឡើងដើម្បីទៅដល់ដៃអ្នកដែលប្រឈមនឹងគ្រោះទុរ្ភិក្ស កង្វះអាហារូបត្ថម្ភ និងមានជំងឺ។

រថយន្តដឹកជំនួយរាប់រយគ្រឿង បានឆ្លងកាត់ពីអេហ្ស៊ីបចូលទៅកាន់ហ្កាហ្សា ខណៈបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តដោយមិនរង្គោះរង្គើនៅតំបន់ប៉ាឡេស្ទីននេះ អស់រយៈពេលបីថ្ងៃមកហើយគិតត្រឹមថ្ងៃអាទិត្យកន្លងទៅ ដែលជាផ្នែកនៃដំណាក់កាលដំបូងក្រោមកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមអាយុកាលពីរឆ្នាំមកនេះ។
ចក្រភពអង់គ្លេស ដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការកាលពីខែមុន ក៏និយាយថា ឆ្នាំហិរញ្ញវត្ថុនេះ ខ្លួនបានផ្តល់ជំនួយមនុស្សធម៌ ៧៤លានផោន រួចទៅហើយដល់ប្រជាជនប៉ាឡេស្ទីន៕

