ទឹកជំនន់ បានជន់លិចយានយន្ត និងផ្ទះសម្បែង នៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ (ទី១២ ខែតុលា) ខណៈដែលមានភ្លៀងធ្លាក់យ៉ាងជោកជាំ នៅតំបន់ Catalonia ភាគឦសាន ពោលគឺមួយថ្ងៃបន្ទាប់ពីភ្លៀងខ្លាំងបានធ្វើឲ្យមានភាពចលាចលដល់ការធ្វើដំណើរ នៅលើកោះមេឌីទែរ៉ាណេ Ibiza។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចែករំលែកនូវវីដេអូនៃទឹកដ៏ល្ហាចល្ហឹមពណ៌ត្នោតហូរកាត់តាមដងផ្លូវ និងរថយន្តដែលលិចនៅក្នុងទឹក។ ទីភ្នាក់ងារអាកាសធាតុជាតិ Aemet បានប្រកាសអាសន្នពណ៌ក្រហមខ្ពស់បំផុត នៅក្នុងខេត្ត Tarragona ដោយព្រមានអំពីការមានភ្លៀងធ្លាក់ខ្លាំងកម្រិត ១៨០មីលីម៉ែត្រ ក្នុងរយៈពេល ១២ម៉ោង នៅតំបន់ដីសណ្ដទន្លេ Ebro។
អ្នកនាំពាក្យទីភា្នក់ងារពន្លត់អគ្គិភ័យតំបន់កាតាឡាន់ លោក Oriol Corbella បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រុកត្រូវជួបប្រទះនឹងការភ្ញាក់ផ្អើលភ្លាមៗ ដោយមានមនុស្សបានជាប់ «នៅក្នុងរថយន្ត នៅក្នុងអគារ និងនៅជាន់ផ្ទាល់ដី»។
អភិបាលក្រុង Santa Barbara លោក Josep Lluis Gimeno បានប្រាប់ស្ថានីយទូរទស្សន៍ក្នុងតំបន់ 3Cat ថា ស្ថានភាព គឺ «អាក្រក់ខ្លាំងណាស់» ខណៈដែលពេលយប់មានទឹកជំនន់កាន់តែខ្លាំង។
អង្គភាពតាមដានអាកាសធាតុប្រចាំតំបន់ Meteocat បានឲ្យដឹងថា ស្ថានីយ៍វាស់ស្ទង់មួយកន្លែង នៅជិតតំបន់ Mas de Barberans បានកត់ត្រាកម្រិតទឹកភ្លៀងជិត ២៧២មីលីម៉ែត្រ កាលពីចុងសប្តាហ៍។ យ៉ាងណាក្ដី មិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ និងរបួស ឬបាត់ខ្លួននៅឡើយទេ៕

