មេដឹកនាំក្រុមឧទ្ទាមឃឺដស៊ីរី លោក Mazloum Abdi បានប្រកាសប្រាប់បណ្ដាញសារព័ត៌មានថា លោកបានឈានដល់ «កិច្ចព្រមព្រៀងបឋម» ជាមួយទីក្រុងដាម៉ាស ស្តីពីការរួមបញ្ចូលកងទ័ពរបស់លោកទៅក្នុងអង្គភាពយោធា និងកងកម្លាំងសន្តិសុខរបស់ប្រទេសស៊ីរី។
លោក Abdi ដែលជាប្រមុខកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដ៏មានឥទ្ធិពល បានជួបប្រជុំជាមួយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ក្នុងទីក្រុងដាម៉ាស កាលពីសប្តាហ៍មុន រួមជាមួយបេសកជនសហរដ្ឋអាមេរិក លោក Tom Barrack និងមេបញ្ជាការលោក Brad Cooper របស់សហរដ្ឋអាមេរិក។
ទោះបីជាកងកម្លាំងឃឺដ ដែលគ្រប់គ្រងផ្នែកដ៏ធំ នៅភាគឦសាន ពោលគឺជាតំបន់សម្បូរប្រេងរបស់ប្រទេសស៊ីរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាជ្ញាធរស៊ីរីថ្មី កាលពីខែមីនា ដើម្បីបញ្ចូលស្ថាប័នស៊ីវិល និងយោធារបស់ខ្លួនក៏ដោយ ក៏លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានអនុវត្តឡើយ។

ក្នុងបទសម្ភាសន៍មួយ នៅឯមូលដ្ឋានយោធា ក្នុងទីក្រុង Hasakeh ភាគឦសាន កាលពីថ្ងៃអាទិត្យ (ទី១២ ខែតុលា) លោក Abdi បានប្រាប់ថា៖ «អ្វីថ្មីនៅក្នុងកិច្ចពិភាក្សានាពេលថ្មីៗនេះរបស់យើង នៅទីក្រុងដាម៉ាស គឺការមានការប្តេជ្ញាចិត្តរួម និងឆន្ទៈដ៏មុតមាំ ក្នុងការពន្លឿនដល់ការអនុវត្តលក្ខខណ្ឌ»។
លោកបានបន្ថែមថា៖ «ចំណុចសំខាន់បំផុត គឺការឈានដល់កិច្ចព្រមព្រៀងបឋមមួយ ទាក់ទងនឹងយន្តការធ្វើសមាហរណកម្ម SDF និងកងកម្លាំងសន្តិសុខផ្ទៃក្នុង (ឃឺដ) នៅក្នុងក្របខណ្ឌការពារជាតិ និងក្រសួងមហាផ្ទៃ»។
យោងតាមក្រុមឧទ្ទាមមួយនេះ បានឲ្យដឹងថា ក្រុម SDF និងកងកម្លាំងសន្តិសុខឃឺដ ដែលគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន មានសមាជិកប្រុស-ស្រីប្រហែល ១០០.០០០នាក់។
គួរបញ្ជាក់ថា ក្រោយការដួលរលំរបស់មេដឹកនាំ លោក Bashar al-Assad កាលពីខែធ្នូឆ្នាំមុន លោក Sharaa បានប្រកាសការរំលាយក្រុមប្រដាប់អាវុធទាំងអស់ ហើយត្រូវច្របាច់បញ្ចូលទៅក្នុងស្ថាប័នរដ្ឋ៕
