នាយកដ្ឋានអប់រំភូមិភាគជាតិ កាលពីថ្ងៃអាទិត្យ (ទី១២ ខែតុលា) បានប្រកាសថា ការរៀនដោយផ្ទាល់ នៅតាមសាលាសាធារណៈ ក្នុងតំបន់រដ្ឋធានីម៉ានីល ត្រូវបានផ្អាកនាថ្ងៃទី១៣ និងទី១៤ ខែតុលា ដោយសារការកើនឡើងនូវជំងឺដូចគ្រុនផ្តាសាយ (ILIs) ក្នុងចំណោមសិស្សានុសិស្ស និងបុគ្គលិកសាលា។
យោងតាមនាយកដ្ឋាននេះ បានឲ្យដឹងថា សាលារៀននឹងអនុវត្តវិធីសាស្ត្របង្រៀនផ្សេង ដើម្បី «ជៀសវាងការរំខានដល់ការសិក្សា» ក្នុងអំឡុងពេលនេះ។ ជាមួយគ្នានេះ ស្ថាប័នក៏បានលើកឡើងពីការមានរញ្ជួយដីជាបន្តបន្ទាប់ នៅទូទាំងប្រទេស ជាហេតុផលដែលនាំឲ្យទៅដល់ផ្អាកការរៀនសូត្រនេះដែរ។

ក្នុងរយៈពេល ២ថ្ងៃនេះ សាលាសាធារណៈត្រូវបានបញ្ជាឲ្យសម្លាប់មេរោគ ធ្វើអនាម័យ និងពិនិត្យអគារ ព្រមទាំងសម្ភារៈប្រើប្រាស់របស់ពួកគេ។ នាយកដ្ឋានបានបញ្ជាឲ្យសាលារៀនរៀបចំហាត់សមត្រៀមសម្រាប់រញ្ជួយដី និងនីតិវិធីការសង្គ្រោះបន្ទាន់ផ្សេងទៀត ហើយអនុវត្តការអនុវត្តសុខភាព និងសុវត្ថិភាព។ នាយកដ្ឋានបានបន្ថែមថា សាលាឯកជន ក៏ត្រូវបានជំរុញយ៉ាងខ្លាំងផងដែរឲ្យតាមដាន និងចាត់វិធានការទាំងនេះ។
ទោះបីជាមានរបាយការណ៍ អំពីការកើនឡើងនូវជំងឺដូចគ្រុនផ្ដាសាយនេះក៏ដោយ ក៏អ្នកនាំពាក្យក្រសួងសុខាភិបាល (DOH) លោក Albert Domingo បានបញ្ជាក់ថា នៅទូទាំងប្រទេស ករណីនេះ គឺ «ទាបជាងឆ្នាំមុន រហូតមកដល់ពេលនេះ»។ តែយ៉ាងណាក្ដី DOH បានគាំទ្រចំណាត់ការរបស់អាជ្ញាធរ ក្នុងការមានវិធានការបង្ការ ដើម្បីទប់ស្កាត់ចំនួននៃករណីនេះឲ្យនៅទាប៕
