ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិន និងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ ដោយសាររដ្ឋាភិបាលកម្ពុជា បានធានានូវស្ថិរភាពសន្តិភាព និងនយោបាយ ព្រមទាំងការវិនិយោគ និងបរិយាកាសអាជីវកម្ម ដែលអំណាយផលសម្រាប់វិនិយោគិនជប៉ុន។
ក្នុងជំនួបការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសកម្ពុជា និងជប៉ុន កាលពីព្រឹកថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានជម្រាបជូន ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា ថា ជាមួយនឹងភាពជាដៃគូជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់នូវកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគលើវិស័យច្រើនទៀត។
លើសពីនេះ វិនិយោគិនជប៉ុនបានមកវិនិយោគនៅកម្ពុជា ដោយនាំមកនូវលំហូរបច្ចេកវិទ្យា ចំណេះដឹង និងជំនាញ ពីការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន និងជំនួយអភិវឌ្ឍន៍ផ្លូវការ។
ជាការឆ្លើយតប ភាគីជប៉ុន បានបង្ហាញនូវការគាំទ្រលើចំណុចដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង ក្នុងនោះរួមមាន៖ សមាគមជប៉ុន-កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការពាំនាំសំណើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ទៅរាជរដ្ឋាភិបាលជប៉ុន និងអភិវឌ្ឍន៍ការវិនិយោគខ្សែរច្រវ៉ាក់តម្លៃសូត្រនៅតាមខេត្តគោលដៅ និង៣) បន្តគាំទ្រការវិនិយោគរបស់សហគ្រិនជប៉ុនក្នុងប្រទេសកម្ពុជា។
តាមស្ថិតិពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា គិតត្រឹម ខែសីហា ឆ្នាំ២០២១ ការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុន បានឈានដល់ប្រមាណ ១,៥ពាន់លានដុល្លារ។ សក្តានុពលផលិតផលនាំចេញ រួមមាន សំលៀកបំពាក់ និងគ្រឿងសង្ហារឹម ដែលមានចំនួនខ្ពស់បំផុតក្នុងចំណោមផលិតផលផ្សេងទៀត ក្រៅពីនោះមានផលិតផលស្បែកជើង សំលៀកបំពាក់ វាយនភណ្ឌ និងផលិតផលប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ៕អត្ថបទ៖ឈិត បូរ៉ាវី