ក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី១៣ ខែតុលា) នេះ បានឲ្យដឹងថា ប្រទេសចិនមានក្ដីបារម្ភខ្លាំងណាស់ ចំពោះការប្រយុទ្ធគ្នាថ្មីៗនេះ រវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ហើយបានស្នើឲ្យប្រទេសទាំង ២ ការពារពលរដ្ឋ និងអ្នកវិនិយោគរបស់ខ្លួន នៅក្នុងតំបន់។
ភាគីទាំង ២ កាលពីថ្ងៃទី១២ ខែតុលា បានឲ្យដឹងថា យុទ្ធជនរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចតាមព្រំដែនពេញមួយយប់ រវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ជាការប្រយុទ្ធដ៏ធ្ងន់ធ្ងរបំផុត រវាងប្រទេសជិតខាងទាំង២ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចនៅទីក្រុងកាប៊ុល។

ប្រទេសចិនមានព្រំដែនរួមជាមួយអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ក្នុងតំបន់ភាគខាងលិចរបស់ខ្លួន ហើយបានព្យាយាមដើរតួនាទីសម្រុះសម្រួល ដើម្បីរម្ងាប់អរិភាព រវាងភាគីទាំង២ ដែលជាសម្ព័ន្ធមិត្តរហូតមកដល់ពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ប្រទេសចិនមានឆន្ទៈ ក្នុងការបន្តដើរតួនាទីស្ថាបនា ដើម្បីកែលម្អ និងលើកកម្ពស់ទំនាក់ទំនងប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន»។
លោក Lin បានបន្ថែមថា ទីក្រុងប៉េកាំងសង្ឃឹមថា ទីក្រុងកាប៊ុល និងអ៊ីស្លាម៉ាបាដ នឹង «នៅតែបន្តភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ហើយបន្តដោះស្រាយយ៉ាងត្រឹមត្រូវនូវកង្វល់របស់គ្នាទៅវិញទៅមក តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដើម្បីបញ្ចៀសកុំឲ្យជម្លោះកាន់តែតានតឹង»៕

