ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋរស់នៅចំណុចភូមិឈូក ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសម្ដែងការត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីបានទទួលផ្លូវបេតុងចំនួនពីរខ្សែ ប្រវែង១០០០ម៉ែត្រ ដែលបានសម្រួលដល់ការធ្វើ ចរាចរ។
លោកស្រី រឿន រើយ មេភូមិឈូក បានឲ្យដឹងថា កន្លងមក ប្រជាពលរដ្ឋរស់នៅក្នុងចំណុចភូមិនេះ គឺមានការលំបាកធ្វើដំណើរនៅពេលរដូវវស្សាម្តងៗ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ដូច្នេះ ទើបអាជ្ញាធរក្រុង សង្កាត់ បានសហការគ្នាជាមួយប្រជាពលរដ្ឋក្នុងភូមិ ផ្តួចផ្តើមរួមគ្នាកសាងអភិវឌ្ឍ ផ្លូវបេតុងនេះឡើង។
លោកស្រីមេភូមិ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន នឹងខិតខំកៀរ គរធនធានបន្ថែមទៀត ដើម្បីធ្វើការកសាងផ្លូវឱ្យបានច្រើនខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ ពលរដ្ឋ ដែលជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផង៕
អត្ថបទ៖ ឃិន សារិទ្ធ