ក្រុមហាម៉ាស ដែលបាក់កម្លាំងយ៉ាងខ្លាំងដោយសារសង្រ្គាមអស់ ២ឆ្នាំ បានប្រឹងប្រែងបង្រួមអំណាចរបស់ខ្លួនឡើងវិញនៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីមានបទឈប់បាញ់មក ដោយបានសម្លាប់មនុស្សជាង ៣០នាក់ ក្នុងការបង្ក្រាបលើក្រុមជនអន្ធពាលដែលជាគូប្រជែង និងហាក់ដូចជាទទួលបានការយល់ព្រមពីសហរដ្ឋអាមេរិកផងដែរដើម្បីមើលការខុសត្រូវបណ្តោះអាសន្នក្នុងតំបន់ប៉ាឡេស្ទីនមួយនេះ។

បន្ទាប់ពីរងគ្រោះធ្ងន់ធ្ងរដោយការតាមប្រម៉ាញ់របស់អ៊ីស្រាអែល ក្នុងសង្គ្រាមតាំងតែពីខែតុលា ឆ្នាំ២០២៣មក ក្រុមហាម៉ាសចាប់ផ្ដើមបញ្ជូនកម្លាំងរបស់ខ្លួនបន្តិចម្តងៗត្រឡប់ទៅដងផ្លូវហ្កាហ្សាវិញ តាំងពីបទឈប់បាញ់ចាប់ផ្តើមកាលថ្ងៃសុក្រសប្ដាហ៍មុន ខណៈយុទ្ធជនរបស់ក្រុមនេះបម្លាស់ទីយ៉ាងប្រុងប្រយ័ត្ន ក្នុងករណីដែលកិច្ចព្រមព្រៀងឈប់បាញ់ដួលរលំភ្លាមៗ នេះបើយោងតាមប្រភពសន្តិសុខ។

ប្រភពបន្តថា ចាប់តាំងពីបទឈប់បាញ់ថ្មីមក កងកម្លាំងហាម៉ាស បានសម្លាប់សមាជិក "ក្រុមជនអន្ធពាលមួយនៅក្រុងហ្កាហ្សា" យ៉ាងតិច ៣២នាក់ ហើយបុគ្គលិកខ្លួន ៦នាក់ ក៏បានស្លាប់ក្នុងប្រតិបត្តការនោះដែរ។ អំឡុងការដោះដូរចំណាប់ថ្នូរ-អ្នកទោសជាមួយអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ខ្សែវីដេអូរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញឱ្យឃើញយុទ្ធជនហាម៉ាស់រាប់រយនាក់តម្រង់ជួរនៅមន្ទីរពេទ្យមួយក្នុងភាគខាងត្បូងហ្កាហ្សា ក្នុងអ្វីដែលអ្នកវិភាគមើលឃើញថាជាការព្យាយាមបង្ហាញកម្លាំងឡើងវិញ។
ជាមួយគ្នានេះ ផែនការសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក Donald Trump អាចមើលឃើញក្រុមហាម៉ាស អស់អំណាចនៅហ្កាហ្សា ហើយដែនដីនេះនឹងគ្មានយោធា និងត្រូវគ្រប់គ្រងដោយគណៈកម្មាធិការប៉ាឡេស្ទីន ក្រោមការត្រួតពិនិត្យអន្តរជាតិ។ ប៉ុន្តែអំឡុងដំណើរទៅកាន់មជ្ឈិមបូព៌ា លោក Trump បានបង្ហើបថា ក្រុមហាម៉ាសត្រូវបានផ្តល់ភ្លើងខៀវឱ្យគ្រប់គ្រងហ្កាហ្សាបណ្តោះអាសន្នសិន។
ក្រុមហាម៉ាស ធ្លាប់និយាយថា ខ្លួនមិនចង់មានតួនាទីក្នុងស្ថាប័នគ្រប់គ្រងពេលអនាគតនៅហ្កាហ្សាឡើយ ប៉ុន្តែថា ចំណុចនេះគួរតែយល់ព្រមដោយប៉ាឡេស្ទីន ហើយដោយគ្មានការគ្រប់គ្រងពីបរទេស៕