អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃចន្ទថា ការផ្គត់ផ្គង់មីស៊ីល Tomahawk របស់អាមេរិក ដល់អ៊ុយក្រែន អាចបញ្ចប់យ៉ាងធ្ងន់ធ្ងរសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសប្រធានាធិបតីអាមេរិក Donald Trump ។

លោក Medvedev ជាអ្នករិះគន់ ដែលបានវាយប្រហារដោយពាក្យសម្ដីលើលោក Trump ម្តងហើយម្តងទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បាននិយាយថាវាមិនពិបាកទេក្នុងការបែងចែករវាងមីស៊ីល Tomahawk ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ និងគ្រាប់ធម្មតាបន្ទាប់ពីត្រូវបានបាញ់ចេញ ជាចំណុចមួយដែលអ្នកនាំពាក្យរបស់ប្រធានាធិបតីលោក Vladimir Putin បានលើកឡើងផងដែរ។
លោក Medvedev បាននិយាយនៅលើ Telegram ដោយហាក់ដូចជាផ្តល់សញ្ញាថា ការឆ្លើយតបរបស់ទីក្រុងមូស្គូ នឹងជានុយក្លេអ៊ែរ។
លោក Trump បាននិយាយម្តងទៀតកាលពីថ្ងៃអាទិត្យថា លោកអាចនឹងផ្តល់នូវមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយ ដែលទីក្រុងគីវអាចប្រើប្រាស់បាន ប្រសិនបើលោក Putin មិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេនោះ។
លោក Putin បាននិយាយថាការផ្គត់ផ្គង់ឲ្យទៅអ៊ុយក្រែន នូវមីស៊ីល Tomahawks ដែលអាចបាញ់បានចម្ងាយ២.៥០០គីឡូម៉ែត្រ និងអាច វាយប្រហារដល់គ្រប់ទីកន្លែងក្នុងប្រទេសរុស្ស៊ី រួមទាំងទីក្រុងមូស្គូ នឹងបំផ្លាញទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី ៕

