មន្ត្រីក្រសួងអប់រំម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃចន្ទ (១៣ តុលា) ថា សិស្សប្រហែល ៦.០០០នាក់ នៅក្នុងប្រទេសនេះបានឆ្លងជំងឺគ្រុនផ្តាសាយធំ (Influenza) ហើយសាលារៀនមួយចំនួនត្រូវបានបិទដើម្បីសុវត្ថិភាពរបស់កុមារ និងបុគ្គលិក។ កាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍ករណីឆ្លងផ្តាសាយធំ ៩៧នាក់ នៅទូទាំងប្រទេស ដោយកើនឡើងពី ១៤នាក់ កាលពីមុន ដែលភាគច្រើនត្រូវរាយការណ៍ក្នុងសាលារៀន។

នៅហ្វីលីពីន ក្រុមមន្រ្តីអប់រំបានប្រកាសផ្អាកថ្នាក់រៀនដោយផ្ទាល់តាមសាលារដ្ឋក្នុងទីក្រុងម៉ានីល នៅថ្ងៃទី១៣ និងទី១៤ ខែតុលា ដោយសារកំណើនឆ្លងផ្តាសាយធំ បានរាលដាលយ៉ាងខ្លាំងនៅក្នុងចំណោមសិស្ស និងបុគ្គលិកសាលារៀន។
ការកើនឡើងនៃករណីឆ្លងបែបនេះក្នុងប្រទេសមួយចំនួនទូទាំងអាស៊ី បានធ្វើឱ្យអ្នកជំនាញផ្នែកវេជ្ជសាស្រ្តព្រមានថា "ការងាយឆ្លងជំងឺពេញមួយឆ្នាំ" អាចជាការពិតដ៏គួរឱ្យភ័យខ្លាចថ្មីមួយ។

នៅជប៉ុន អាជ្ញាធរសុខាភិបាលបានប្រកាសពីការរាលដាលទូទាំងប្រទេសនៃជំងឺផ្តាសាយធំ កាលពីថ្ងៃទី៣ ខែតុលា បន្ទាប់ពីរលកនៃជំងឺនេះបានកើតឡើង ៥សប្តាហ៍លឿនជាងការរំពឹងទុក សម្រាប់រដូវផ្តាសាយ ដែលជាការផ្ទុះឡើងធំបំផុតទីពីររបស់ប្រទេស ក្នុងពេល ២០ឆ្នាំ។ ជាមួយគ្នានេះ ករណីឆ្លងផ្តាសាយធំក៏បានកើនឡើងនៅប្រទេសផ្សេងទៀតនៅទូទាំងទ្វីប រួមទាំងថៃ សិង្ហបុរី និងឥណ្ឌា ផងដែរ៕