សហរដ្ឋអាមេរិក និងចិន នៅថ្ងៃអង្គារ (១៤ តុលា) នេះ នឹងចាប់ផ្តើមគិតថ្លៃកំពង់ផែលើក្រុមហ៊ុនដឹកជញ្ជូនតាមមហាសមុទ្រ ដែលដឹកទំនិញគ្រប់យ៉ាង រាប់ចាប់ពីប្រដាប់ប្រដាក្មេងលេង រហូតដល់ប្រេងឆៅ ដែលធ្វើឱ្យដែនសមុទ្រក្លាយជាជួរមុខដ៏សំខាន់មួយក្នុងជម្លោះពាណិជ្ជកម្មកាន់តែក្ដៅគគុករវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរ។

ចិននិយាយថា ខ្លួនបានចាប់ផ្តើមប្រមូល "ថ្លៃពិសេស" លើនាវាទាំងឡាយ ដែលគ្រប់គ្រង ប្រតិបត្តិការ សាងសង់ ឬដោតទង់ជាតិសហរដ្ឋអាមេរិក ប៉ុន្តែបានបំភ្លឺថា នាវាដែលផលិតដោយចិន នឹងត្រូវបានលើកលែងពីការយកថ្លៃសេវានោះ។ ក្នុងសេចក្តីលម្អិតដែលចេញផ្សាយនៅថ្ងៃអង្គារនេះដោយទូរទស្សន៍រដ្ឋ CCTV ចិនបានគូសបញ្ជាក់ពីបទប្បញ្ញត្តិជាក់លាក់ស្តីពីការលើកលែង រួមទាំងសម្រាប់នាវាដែលសាងសង់ដោយចិន និងនាវាទទេ ដែលចូលចតក្នុងបំណងជួសជុលនៅទីតាំងផលិតនាវារបស់ចិន។
ចំណែកសហរដ្ឋអាមេរិកវិញក៏គ្រោងចាប់ផ្តើមប្រមូលថ្លៃសេវាកំពង់ផែនៅថ្ងៃទី១៤ ខែតុលា នេះដែរ។ នៅដើមឆ្នាំនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានប្រកាសពីផែនការដំឡើងថ្លៃកំពង់ផែ លើនាវាដែលមានទំនាក់ទំនងជាមួយចិន ដើម្បីបន្ធូរបន្ថយការក្ដោបក្តាប់របស់ទីក្រុងប៉េកាំងលើអាជីវកម្មសមុទ្រពិភពលោក និងដើម្បីជំរុញឧស្សាហកម្មផលិតនាវារបស់អាមេរិក។ អ្នកវិភាគព្រមានថា ចំនួន ១៣% នៃនាវាដឹកប្រេងឆៅ និង ១១% នៃនាវាដឹកទំនិញ របស់ពិភពលោក នឹងរងផលប៉ះពាល់៕

