ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅមានជីវិតចុងក្រោយពីដែនដីហ្កាហ្សាកាលពីថ្ងៃចន្ទ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ហើយអ៊ីស្រាអែលបានបញ្ជូនរថយន្តក្រុងដឹកអ្នកជាប់ឃុំប៉ាឡេស្ទីនទៅផ្ទះរបស់ពួកគេវិញ ខណៈប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសពីការបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំ ដែលបានធ្វើឱ្យមជ្ឈិមបូព៌ាច្របូកច្របល់កាន់តែខ្លាំង។

មានការអបអរនៅទូទាំងប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន ខណៈមានការដោះដូរចំណាប់ខ្មាំងនិង អ្នកទោសដ៏សំខាន់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំនៅក្នុងតំបន់ហ្កាហ្សា។

ប៉ុន្មានម៉ោងក្រោយមក លោក Trump បានកោះប្រជុំមេដឹកនាំមូស្លីម និងអឺរ៉ុបនៅក្នុងប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីអនាគតនៃតំបន់ហ្កាហ្សាស្ទ្រីប និងលទ្ធភាពនៃសន្តិភាពក្នុងតំបន់កាន់តែទូលំទូលាយ ទោះបីជាក្រុមហាម៉ាស និងអ៊ីស្រាអែល ដែលអវត្តមានពីការជួបជុំគ្នាក៏ដោយ ក៏មិនទាន់មានការឯកភាពគ្នាលើជំហានបន្ទាប់ដែរ។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានទទួលចំណាប់ខ្មាំងទាំង ២០ នាក់ដែលត្រូវបានបញ្ជាក់ថានៅមានជីវិតបន្ទាប់ពីការផ្ទេរពួកគេពីហ្កាហ្សាដោយកាកបាទក្រហម។ ការប្រកាសនេះបានជំរុញឱ្យមានការអបអរ ការឱបគ្នា និងយំ ក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលកំពុងរង់ចាំនៅទីលានចំណាប់ខ្មាំង ក្នុងទីក្រុង Tel Aviv។

ចំណែកនៅតំបន់ហ្កាហ្សាវិញ សាច់ញាតិរាប់ពាន់នាក់ ភាគច្រើនកំពុងយំដោយក្ដីរីករាយ បានប្រមូលផ្តុំគ្នានៅមន្ទីរពេទ្យ ដែលរថយន្តក្រុងនាំអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនជិត២.០០០នាក់ មកផ្ទះវិញ ក្រោយដោះលែងដោយអ៊ីស្រាអែល ជាផ្នែកនៃកិច្ចព្រមព្រៀង៕