អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃចន្ទ (១៣ តុលា) ថា ប្រព័ន្ធការពារដែនអាកាស "T-Dome" ថ្មីរបស់ខ្លួន នឹងបង្កើតយន្តការ "ឧបករណ៍ចាប់សញ្ញាទៅឱ្យអ្នកបាញ់ទម្លាក់" ដែលមានប្រសិទ្ធភាព និងការរួមបញ្ចូលកាន់តែខ្ពស់ ហើយថវិកាពិសេសនៅចុងឆ្នាំនឹងត្រូវស្នើឡើងលើការចំណាយជាក់លាក់នៃខែលមីស៊ីលមួយនេះ។

មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានបើកបង្ហាញខែលការពារដែនអាកាសពហុស្រទាប់ ដែលលោកហៅថា "T-Dome" កាលពីថ្ងៃសុក្រសប្ដាហ៍មុន ជាផ្នែកមួយនៃទំនើបកម្មយោធា ជាពិសេសលើការបង្កើនសមត្ថភាពដែនអាកាសរបស់កោះស្វ័យគ្រប់គ្រងមួយនេះ ដែលប្រទេសចិន អះអាងសិទ្ធិថាជាតំបន់របស់ខ្លួន។ បន្ទាប់ពីការបើកបង្ហាញខែលមីស៊ីលថ្មីនេះរួច ក្រសួងការបរទេសចិន បានរិះគន់ខ្លាំងៗនៅថ្ងៃដដែលថា ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ គឺសកម្មភាពឯករាជ្យរបស់កោះតៃវ៉ាន់។
ប្រព័ន្ធការពារពីបាញ់ពីដីទៅអាកាស ដែលមានស្រាប់របស់កោះនេះ គឺផ្តោតជុំវិញមីស៊ីល Patriot ដែលផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Sky Bow ផលិតនៅក្នុងស្រុក ក៏ដូចជាមីស៊ីល Stinger សម្រាប់ការស្ទាក់ចាប់កម្រិតទាប ខណៈខ្លួនកំពុងអភិវឌ្ឍមីស៊ីលឈ្មោះChiang-Kong សម្រាប់ស្ទាក់ចាប់ក្នុងរយៈកម្ពស់ខ្ពស់។
លោក Lai ដែលប្រទេសចិន ហៅថាជាជនផ្ដាច់ខ្លួន បានសន្យាបង្កើនការចំណាយលើវិស័យការពារជាតិឱ្យកោះតៃវ៉ាន់ដល់ ៥% នៃផលិតផលក្នុងស្រុកសរុប GDP នៅឆ្នាំ២០៣០៕

