ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទ (១៣ តុលា) ថា លោកនឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងទីក្រុង Washington នៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន និងពង្រីកសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួន។

សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរយៈពេលពីរថ្ងៃរវាងមេដឹកនាំទាំងពីរ ខណៈការពិភាក្សាកាន់តែខ្លាំងឡើងជុំវិញថាតើទីក្រុងវ៉ាស៊ីនតោននឹងផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែននូវមីស៊ីលមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពវាយប្រហារដល់ទីក្រុងមូស្គូដែរឬយ៉ាងណា។

គណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី Yulia Svyrydenko ត្រូវបានគេរំពឹងថានឹងទៅដល់ទីក្រុងវ៉ាស៊ីនតោនមុនជំនួបកំពូល។ ទីក្រុងគីវ(Kyiv) បាននិងកំពុងបញ្ចុះបញ្ចូលសម្រាប់មីស៊ីល Tomahawk ផលិតដោយសហរដ្ឋអាមេរិក ដែលខ្លួននិយាយថា នឹងត្រូវបានប្រើប្រាស់សម្រាប់តែទៅលើ គោលដៅយោធាប៉ុណ្ណោះ។ ទីក្រុងមូស្គូបានព្រមានថាចំណាត់ការបែបនេះនឹងបង្ហាញពីការរីកធំជម្លោះសយ៉ាងធ្ងន់ធ្ងរ។ លោក Zelenskyy បាននិយាយថាលោកបានពិភាក្សាអំពីតម្រូវការរបស់អ៊ុយក្រែនរួចហើយជាមួយ លោកTrump។ លោកបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងគីវ ថា «និយាយដោយត្រង់ទៅ ខ្ញុំបានចែករំលែកទស្សនៈរបស់យើងជាមួយ លោកTrump រួចហើយ ប៉ុន្តែរឿងមួយចំនួន មិនអាចធ្វើបានដោយការសន្ទនាតាមទូរស័ព្ទទេ ដូច្នេះយើងនឹងជួបគ្នា»។
លោក Trump បាននិយាយថា លោកកំពុងពិចារណាក្នុងការបញ្ជូនមីស៊ីល ប៉ុន្តែក៏អាចនិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីបញ្ហានេះផងដែរ។