អ្នករៀបចំកម្មវិធីប្រលងចម្រៀងចក្ខុវិស័យអឺរ៉ុប បានពន្យារពេលការសម្រេចចិត្តលើការចូលរួមរបស់អ៊ីស្រាអែលនៅក្នុងព្រឹត្តិការណ៍នៅឆ្នាំក្រោយរហូតដល់ខែធ្នូ ដោយលើកឡើងពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា។ សហព័ន្ធផ្សព្វផ្សាយអឺរ៉ុប (EBU) ត្រូវបានកំណត់ឱ្យរៀបចំការបោះឆ្នោតពិសេសនៅក្នុងខែវិច្ឆិកា បន្ទាប់ពីប្រទេសជាច្រើនបានគំរាមធ្វើពហិការការប្រលងចម្រៀងឆ្នាំ ២០២៦ នៅទីក្រុងវីយែន ប្រទេសអូទ្រីសប្រសិនបើអ៊ីស្រាអែលមិនត្រូវបានដកចេញ ជុំវិញសង្គ្រាមរបស់ប្រទេសនេះនៅតំបន់ហ្កាហ្សា។

សហព័ន្ធផ្សព្វផ្សាយអឺរ៉ុប (EBU) ដែលតំណាងឱ្យប្រព័ន្ធផ្សាយសេវាសាធារណៈក្នុងប្រទេសចំនួន៥៦ បាននិយាយថា គណៈកម្មការប្រតិបត្តិរបស់ខ្លួនបានសម្រេចក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ ខែតុលាថា បញ្ហានេះនឹងត្រូវបានពិភាក្សានៅក្នុងមហសន្និបាតរដូវរងារ នៅក្នុងខែធ្នូ។ ស្ថាប័ននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅក្នុងពន្លឺនៃការវិវឌ្ឍន៍ថ្មីៗនៅតំបន់មជ្ឈិមបូព៌ា គណៈកម្មការប្រតិបត្តិរបស់សហព័ន្ធ បានយល់ស្របថា មានតម្រូវការច្បាស់លាស់ក្នុងការរៀបចំការពិភាក្សាដោយបើកចំហ និងដោយផ្ទាល់ក្នុងចំណោមសមាជិករបស់ខ្លួនអំពីបញ្ហានៃការចូលរួមក្នុងកម្មវិធីប្រលងចម្រៀងចក្ខុវិស័យអឺរ៉ុបឆ្នាំ២០២៦»។

សេចក្តីប្រកាសនេះបានធ្វើឡើងខណៈចំណាប់ថ្នូរអ៊ីស្រាអែលចុងក្រោយបានវិលត្រឡប់ទៅដល់ប្រទេសវិញពីតំបន់ហ្កាហ្សា ហើយអ្នកទោសប៉ាឡេស្ទីនត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។ ប្រទេសអេស្បាញបាននិយាយថា ខ្លួននឹងធ្វើពហិការការប្រកួតនៅឆ្នាំក្រោយ ប្រសិនបើអ៊ីស្រាអែលចូលរួមប្រលង ខណៈប្រទេសអៀរឡង់ ស្លូវេនី អ៊ីស្លង់ និងហូឡង់ បានចេញការព្រមានស្រដៀងគ្នានេះ។
ប្រទេសបែលហ្ស៊ិក ស៊ុយអែត និងហ្វាំងឡង់ ក៏ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាធ្វើពហិការផងដែរ។ ប្រទេសអូទ្រីស ដែលជាម្ចាស់ផ្ទះឆ្នាំ២០២៦ បានច្រានចោលការធ្វើពហិការបែបនេះ ។