រុស្ស៊ី បានជំរុញឱ្យប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានមានការអត់ធ្មត់ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមផ្ទុះឡើងនៅតាមព្រំដែនរយៈពេលពីរថ្ងៃ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងបានបញ្ឈប់ពាណិជ្ជកម្មទ្វេភាគី។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ក្រសួងកំពុងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍នេះ ហើយ«ស្ថានភាពកំពុងមានស្ថិរភាព» ហើយក៏មានសេចក្តីថ្លែងការណ៍ស្រដៀងគ្នាពីប្រទេសចិន អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងប្រទេសកាតា។ ក្រសួងបាននិយាយបន្ថែមថា «យើងស្វាគមន៍ដំណើរការនេះ»។

ភាពតានតឹង បានកើនឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលដែលក្រុមតាលីបង់បានដាក់កំហុសលើប្រទេសប៉ាគីស្ថានចំពោះការផ្ទុះនៅក្នុងទីក្រុងកាប៊ុល និងខេត្ត Paktika ភាគខាងកើត។ ពីរថ្ងៃក្រោយមក នៅយប់ថ្ងៃសៅរ៍កងកម្លាំងក្រុមតាលីបង់ បានវាយប្រហារលើបុស្តិ៍ជួរមុខយោធារបស់ប្រទេសប៉ាគីស្ថាន។ ខណៈកងកម្លាំងប៉ាគីស្ថានបានសងសឹក ភាគីទាំងពីរបានបាញ់កាំភ្លើង កាំភ្លើងធំតគ្នា និងបានប្រើប្រាស់យានដ្រូនរហូតដល់ថ្ងៃអាទិត្យ ហើយបានប្រយុទ្ធគ្នាជាបន្តបន្ទាប់ពេញមួយថ្ងៃ។
ភាគីទាំងពីរបានរាយការណ៍ពីចំនួនអ្នកស្លាប់ច្រើននៅក្នុងជម្លោះនេះ។ យោធាប៉ាគីស្ថានបាននិយាយថា ទាហានរបស់ខ្លួន២៣នាក់បានស្លាប់ ហើយបានអះអាងថាបានសម្លាប់ក្រុមតាលីបង់និងអ្នកប្រយុទ្ធដែលជាប់ពាក់ព័ន្ធ២០០នាក់ ខណៈអាហ្វហ្គានីស្ថានបាននិយាយថាកងកម្លាំងរបស់ខ្លួនបានសម្លាប់ទាហានប៉ាគីស្ថានចំនួន៥៨នាក់។
ទាហានប៉ាគីស្ថាន បានឈរជើងដោយមានការប្រុងប្រយ័ត្នខ្ពស់នៅតាមព្រំដែនដែលត្រូវបានបិទ ជាមួយអាហ្វហ្គានីស្ថាន ជាកន្លែងដែលមនុស្សរាប់រយនាក់ និងរថយន្តដឹកទំនិញរាប់សិបគ្រឿងនៅតែជាប់គាំង។