បាត់ដំបង៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង ២០ម៉ឺននាក់ បានមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរ ដែលចេញដើរលេងកម្សាន្តមានចំនួនសរុប ២១៨ ៤២០នាក់ កើនឡើង២០៣.៧៧ % ប្រៀបធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ៧១ ៩០៤ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២១៧ ៩៥៩ នាក់ កើនឡើង ២០៣.៩៤ % ប្រៀបធៀបឆ្នាំ២០២១ ចំនួន ៧១ ៧១១នាក់ ចំណែកភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុង មានចំនួន ៤៦១ នាក់ កើនឡើង ១៣៨.៧៧ % ប្រៀបធៀប ឆ្នាំ២០២១ ចំនួន១៩៣នាក់។
មន្ទីរទេសចរណ៍ បានគូសបញ្ជាក់ថា កត្តាដែលនាំឱ្យមានកំណើនភ្ញៀវទេសចរឆ្នាំនេះបណ្តាលមកពីសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធទៅកាន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាល្អ,ការរៀបចំផលិតផលថ្មីៗនៅតាមគោលដៅទេសចរណ៍សំខាន់ៗ,អាកាសធាតុអំណោយផល តំបន់គោលដៅទេសចរណ៍នៅជាប់ប្រភពទឹកមានសភាពស្អាត ត្រជាក់ ទឹកថ្លាល្អ រាក់ងាយស្រួលលេង ជាពិសេសគឺការធូរស្រាលនៃជំងឺកូវីដ១៩។
បាត់ដំបងមានវិសាលភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្ត មានចំនួន១១១ ទីតាំងក្នុងនោះ រមណីយដ្ឋានទេសចរណ៍មានចំនួន ២០ទីតាំង សហគមន៍និងអេកូទេសចរណ៍មាន ០៤ទីតាំង គោលដៅទេសចរណ៍មាន ៥៤ទីតាំង ទេសចរណ៍សាសនាមាន ២៩ទីតាំង និងកសិទេសចរណ៍មាន ០៤ទីតាំង៕







