ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារ (១៤ តុលា) នេះថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បី "តតាំងរហូតដល់ទីបញ្ចប់" នៅក្នុងជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានគំរាមថា លោកនឹងដាក់ពន្ធបន្ថែម ១០០% លើទំនិញពីទីក្រុងប៉េកាំង។

ចំណាត់ការរបស់លោក Trump ដែលបានបើកបង្ហាញកាលពីថ្ងៃសុក្រសប្ដាហ៍មុន គឺដើម្បីឆ្លើយតបទៅនឹងការប្រកាសរបស់ទីក្រុងប៉េកាំង កាលពីសប្តាហ៍មុនដូចគ្នា អំពីការគ្រប់គ្រងផ្នែកនាំចេញថ្មីក្នុងវិស័យយុទ្ធសាស្ត្រនៃរ៉ែកម្រ ដែលបច្ចុប្បន្នគ្របដណ្តប់ដោយប្រទេសចិន។ លោក Trump ក៏បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់ការត្រួតពិនិត្យផ្នែកនាំចេញលើប្រព័ន្ធសូហ្វវែរ (software) សំខាន់ៗទាំងអស់ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅ។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនមួយរូបលើកឡើងថា "ចំពោះបញ្ហាជម្លោះពន្ធនិងពាណិជ្ជកម្ម ជំហររបស់ចិន នៅតែជាប់លាប់ នោះគឺ ប្រសិនបើអ្នកចង់ប្រយុទ្ធ ចិននឹងកំដរដល់ទីបញ្ចប់ ហើយប្រសិនបើអ្នកចង់ចរចា ទ្វាររបស់ចិនក៏នៅតែបើកចំហជានិច្ច"។
ក្រសួងពាណិជ្ជកម្មទីក្រុងប៉េកាំង ក៏បានជំរុញឱ្យភាគីអាមេរិក កែតម្រូវកំហុសរបស់ខ្លួនឱ្យឆាប់តាមដែលអាចធ្វើបាន បង្ហាញពីភាពស្មោះត្រង់ក្នុងការពិភាក្សាពាណិជ្ជកម្ម និងប្រឹងប្រែងធ្វើការឱ្យស្មើដៃគ្នាជាមួយចិន ដើម្បីដោះស្រាយបញ្ហា៕