អគ្គលេខាធិការនៃទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNCTAD) លោកស្រី Rebeca Grynspan បាននិយាយកាលពីថ្ងៃចន្ទ (១៣ តុលា) ថា អាជីវកម្មខ្នាតតូច និងមធ្យម និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍ នៅទូទាំងពិភពលោក ទំនងជាមានហានិភ័យជាពិសេស ទៅលើការវិនិយោគធ្លាក់ចុះ ដោយសារតែភាពមិនច្បាស់លាស់នៃពន្ធគយដែលកំពុងបន្ត។

ថ្លែងក្នុងបទសម្ភាសន៍មួយពីការិយាល័យនៅទីក្រុងហ្សឺណែវ លោកស្រី Grynspan បាននិយាយថា "ទីភ្នាក់ងារបារម្ភថា នឹងមានចំនួនយឺតយ៉ាវបន្ថែមទៀតទាក់ទងនឹងការវិនិយោគ"។ លោកស្រីបន្តថា "អាជីវកម្មខ្នាតតូច និងមធ្យម អាចនឹងរងផលប៉ះពាល់គ្រប់ទីកន្លែង រួមទាំងប្រទេសតូចៗ ដែលពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីកំណើនសេដ្ឋកិច្ច»។
របាយការណ៍របស់ UNCTAD ក្នុងខែកក្កដា បានរកឃើញថា ការវិនិយោគផ្ទាល់ពីបរទេសជាសកល បានធ្លាក់ចុះរយៈពេលពីរឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ២០២៤ ជាមួយនឹងក្តីបារម្ភនៅឆ្នាំនេះអាចកាន់តែអាក្រក់ទៅៗ ដោយសារភាពតានតឹងពាណិជ្ជកម្ម បានធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្ត។
លោកស្រី Grynspan បាននិយាយទៀតថា ការព្យាករសម្រាប់ឆ្នាំ២០២៦ ពឹងផ្អែកលើកត្តាជាច្រើនដូចជា តើភាពតានតឹងពាណិជ្ជកម្មបច្ចុប្បន្នកើនឡើងទៅជាសង្រ្គាមពាណិជ្ជកម្មពេញបន្ទុក ឬទេ ហើយតើពន្ធខ្ពស់ៗនៅតែបន្តកើតមានឬយ៉ាងណា ស្របពេលការចរចាពាណិជ្ជកម្មដែលកំពុងបន្ត៕

